(ភ្នំពេញ)៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួន បាននិងទទួលរងគ្រោះដោយសារទឹកជំនន់ កងពលតូចអន្តរាគមន៍លេខ១ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពល បានដាក់ចេញបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីចូលរួមក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បាបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ១ ដែលបានចូលរួម ជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»

បើតាមលោកមេបញ្ជាការ លទ្ធផលសកម្មភាពការងារជួយសង្រ្គោះប្រជាពលរដ្ឋរបសស់កង១១១ នៃកងពលតូចអន្តរាគមន៍លេខ១ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ សម្រេចដូចខាងក្រោម៖

*បានសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធររដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានពាំនាំសារសួរសុខទុក្ខ និងអំណោយដ៏ថ្លាថ្លារបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្តី្រ នៃកម្ពុជា និងប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈទេសរដ្ឋមន្ត្រីគន់ គីម ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយទឹកជំនន់នៅតាមខ្នងផ្ទះ និងទីទួលសុវត្ថិភាព នៅឃុំកញ្ជរ និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន២៣១គ្រូសារ ក្នុងនោះ មួយគ្រួសារទទួល មីចំនួន១កេស ត្រីខមួយយួរ និងឃីតមួយកញ្ចប់។
*បានជួយដឹកអង្ករ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
*បានជួយដឹកជញ្ជូនអង្ករចំនួន១៣តោន ពីស្រុកបាកាន មកសាលាខេត្តពោធិ៍សាត់។
*បានទទួលអូរប័រចំនួន៣០គ្រឿងពីទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
*បានហ្វឹកហ្វឺនបើកអូរប័ររយៈពេល២ថ្ងៃ ចំនួនសិក្ខាកាម៥០នាក់។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។ លោកថា «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែខ្វល់ខ្វាយជាប់ជានិច្ចពីទុក្ខលំបាករបស់បងប្អូន។ សេចក្តីទុក្ខលំបាករបស់បងប្អូន ក៏ជាទុក្ខលំបាករបស់សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាលយើងដែរ។ សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន។ តែពេលនេះយើងត្រូវរួមគ្នារក្សាជីវិតឱ្យបានពីគ្រោះមហន្តរាយដ៏ធំធេងនាពេលនេះ»

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាជំនន់ទឹកភ្លៀងប៉ះពាល់ ដូចខាងក្រោម៖

* ប៉ះពាល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ
* ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់
* ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់
ប្រជាជនស្លាប់២៥នាក់
* ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង
* សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង
* ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៦៧ គីឡូម៉ែត្រ
* ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ
* ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ
* ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១.៦ គីឡូម៉ែត្រ
* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥.៩ គីឡូម៉ែត្រ៕