(ភ្នំពេញ)៖ ការលើកស្ទួយឱកាសសេដ្ឋកិច្ចឡើងវិញសម្រាប់ជនមានពិការភាព គឺជាតម្រូវការបន្ទាន់ បន្ទាប់ពីសង្គ្រោះពួកគាត់ឲ្យរួចផុតពីគ្រោះមហន្តរាយ ដោយទឹកជំនន់ និងការរីករាលដាលនៃជម្ងឺកូវីដ ១៩ ដែលជាហានិភ័យទ្វេគ្រោះនាឆ្នាំនេះ ដែលបានបំផ្លាញយើង ប៉ុន្តែមិនអាចសម្លាប់យើងបានទេ ដូចនេះបងប្អូនមានពិការភាពគ្រប់គ្នា ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាននៃការរស់នៅស្អាត។
នេះជាការលើកឡើងរបស់លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីឱកាសសេដ្ឋកិច្ចសម្រាប់ ជនមានពិការភាពនៅកម្ពុជា ក្នុងបរិបទបច្ចុប្បន្ន ដែលបានរៀបចំឡើងនៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីឱកាសសេដ្ឋកិច្ចសម្រាប់ ជនមានពិការភាពនៅកម្ពុជា ក្នុងបរិបទបច្ចុប្បន្ននេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលទាក់ទងនឹងឱកាសសេដ្ឋកិច្ច សម្រាប់ជនមានពិការភាព ជាពិសេសក្នុងបរិបទនៃផលប៉ះដោយសារកូវីដ១៩ និងគ្រោះមហន្តរាយដោយទឹកជំនន់នាពេលនេះ និងដើម្បីកំណត់សកម្មភាពអាទិភាព និងវិធីសាស្រ្តរួម ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានឱកាសការងារ និងមុខរបរសម្រាប់ជនមានពិការភាពក្នុងបរិបទថ្មីនេះ ព្រមទាំងពិនិត្យឡើងវិញនូវធនធាន និងបណ្តាញដែលមានស្រាប់ទាក់ទង នឹងការផ្តល់ឱកាសសេដ្ឋកិច្ចជនមានពិការភាព។
លោក សួង ម៉េងឡុង បានបញ្ជាក់ទៀតថា ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏មានជនមានពិការភាពផងដែរ ដែលរងផលប៉ះពាល់នេះ ដូច្នេះកិច្ចអន្តរាគាមន៍បន្ទាន់គឺជាតួនាទី របស់យើងទាំងអស់គ្នា រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់ជំនួយសង្គ្រោះបឋម ដល់ជនមានពិការភាពរងគ្រោះដោយទឹកជំនន់ និងត្រូវពិនិត្យតាមដានពីស្ថានភាពសុខភាព ការរស់នៅរបស់ពួកគេ ដោយផ្ដល់ថ្នាំសង្កូវ និងការព្យាបាល ឱ្យបានទាន់ពេលវេលាធ្វើយ៉ាងណាកាត់បន្ថយនូវហានិភ័យនានាឱ្យបានច្រើនបំផុត។
ជាមួយគ្នានោះ លោក ក៏បានអំពាវនា ដល់បងប្អូនមានពិការភាព បើទោះជាមកដល់ទីទួលសុវត្ថិភាពហើយក្ដី តែបងប្អូនត្រូវតែប្រុងប្រយ័ត្នថែមទៀត ពិសេសកុមារមានពិការភាព កុំឱ្យចុះលេងទឹក និងត្រូវចេះថែទាំអនាម័យ សុខភាពផ្ទាល់ខ្លួន ឱ្យបានល្អ, កុំទទួលទានទឹកមិនស្អាត ដែលនាំទៅដល់ ជំងឺរាករូស ក្អួត នាំមកនូវ ការលំបាកបន្ថែម ទៀត៕