(ភ្នំពេញ)៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានផ្ញើទៅកាន់ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់យ៉ាង អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចំពោះការពលីជីវិតរបស់កម្មាភិបាលជាន់ខ្ពស់ និងទាហានវៀតណាម ក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាជន ពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងដូច្នេះថា៖ «តាងនាមនាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំពិតជាសោកសៅយ៉ាងក្រៃលែង ដោយទទួលដំណឹងថា កម្មាភិបាលជាន់ខ្ពស់ និងយុទ្ធជនមួយចំនួននៃកងទ័ពប្រជាជនវៀតណាម បានពលីជីវិតក្នុងបេសកកម្មចុះជួយ សង្គ្រោះប្រជាជនពីគ្រោះមហន្តរាយធម្មជាតិដោយព្យុះ និងជំនន់ទឹកភ្លៀង នៅតំបន់ភូមិភាគកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងមកថ្មីៗនេះ»។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានទាហានវៀតណាម ១៨នាក់ហើយ បានស្លាប់ ក្នុងប្រតិបត្តិការសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះមហន្តរាយទឹកជំនន់ និងខ្យល់ព្យុះ នៅក្នុងភាគកណ្តាលប្រទេសវៀតណាម ខណៈដែលអ្នកស្លាប់ទាំងជនស៊ីវិល និងយោធា នៅប្រទេសនេះបានកើនដល់ជិត ១០០នាក់ និង៣០នាក់កំពុងបាត់ខ្លួន៕
ខាងក្រោមនេះជាសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖