(ភ្នំពេញ)៖ អនុវត្តតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានចុះកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្រប់ភាគីបានឯកភាពក្នុងការពង្រីកវិសាលភាព នៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារកម្ពុជា និងបទដ្ឋានការងារស្នូលដែលបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២២។
ថ្លែងនៅក្នុងកិច្ចប្រជុំគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ លោក អ៉ិត សំហេង រដ្ឋមន្រ្តីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយភាគីពាក់ព័ន្ធបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីកាតព្វកិច្ចរបស់រោងចក្រ សហគ្រាសនៃវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
បន្ថែមពីនេះ ក៏បង្ហាញពីកាតព្វកិច្ចបង់ភាគទានដែលរោងចក្រ សហគ្រាសក្នុងវិស័យនេះ ត្រូវចូលរួមចំណែកដើម្បីអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ តាមអត្រាដូចមានកំណត់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាជាធរមាន។
លើសពីនេះទៅទៀត កិច្ចពិភាក្សានឹងកំណត់នូវចំណុចអាទិភាព និងបញ្ហាប្រឈមនានារបស់វិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅពេលខាងមុខឆាប់ៗនេះ ដើម្បីរៀបចំ និងដាក់ចេញជាបែបបទ និងនីតិវិធីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យរោងចក្រ សហគ្រាសផលិតផលធ្វើដំណើរនិងកាបូប រួមគ្នាបង្កើតជាសមាគមមួយស្របតាមច្បាប់ស្តីពីសហជីព ដើម្បីជាតំណាងរបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសង្គមនានាឱ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលយកបានពីគ្រប់ភាគី។
លោករដ្ឋមន្ត្រីបានចាប់អារម្មណ៍លើវិស័យផលិតផលសម្ភារធ្វើដំណើរ និងកាបូប ដែលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំនេះ មានការរីកចម្រើនដូចជាវិស័យវាយនភណ្ឌដែរ។
វិស័យនេះនឹងជំរុញឲ្យមានកំណើនការងារធ្វើ ក៏ដូចជាជំរុញដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានប្ដេជ្ញាយ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិដែលបានធ្វើសច្ចាប័នកន្លងទៅ។ កម្ពុជាក៏បានគោរពនូវលក្ខខណ្ឌការងារទាំងឡាយ ដើម្បីឆ្លើយតបនឹងការនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។
លោក អ៉ិត សំហេង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រសើរថែមទៀត។ ទោះជាមានបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែកម្ពុជាបានសហការជាមួយភាគីពាក់ព័ន្ធធ្វើកិច្ចការនេះយ៉ាល្អប្រសើរ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មកដល់ពេលនេះបញ្ហាត្រូវបានដោះស្រាយ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមឲ្យបានកាន់តែសកម្ម ដើម្បីផលប្រយោជន៍សម្រាប់រោងចក្រ ក៏ដូចជាប្រជាពលរដ្ឋក្នុងការទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលកម្ពុជា និងទទួលបានការបញ្ជាទិញកាន់តែច្រើនផងដែរ៕