(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក ក្នុងនោះយប់៤លើក បណ្តាលអោយមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៤នាក់ (ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង និងរថយន្តធុនធំចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១២នាក់ (យប់១០នាក់) ។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៨២១៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៣៣៦១គ្រឿង និងពិន័យសរុប៤៨៥៨គ្រឿង ៕