(រតនៈគីរី-ស្ទឹងត្រែង)៖ លោក ម៉ៅ មុនីវណ្ណ សមាជិកគណកម្មការទី៩ នៃរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ មានចំណាប់អារម្មណ៏ថា លោកសូមអបអរសាទរ និងលើកទឹកចិត្តក្រុមហ៊ុន Mesco សូមធ្វើការជាមួយ និងសហគមន៏ឱ្យបានល្អប្រសើរព្រោះថា យើងចង់បានការអភិវឌ្ឍមួយសុខដុមរម្យនាទាំងអស់គ្នា ដែលក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនមួយមានកេរ្តិ៍នៅអន្តរជាតិផងដែរ។ លោកមានជំនឿថា គេនឹងបោះទុនធ្វើការពិតប្រាកដ ដើម្បីចូលរួមការអភិវឌ្ឍនៅក្នុងកម្ពុជា។
លោក ម៉ៅ មុនីវណ្ណ បានថ្លែងបែបនេះ ក្នុងខណៈលោកចូលរួមជាមួយប្រតិភូ គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណកម្មការ រួមជាមួយសមាជិក សមាជិកា ចុះធ្វើទស្សនកិច្ច ស្វែងយល់អំពីវិស័យរ៉ែ និងថាមពល នៅខេត្តរតនៈគីរី និងស្ទឹងត្រែងរយៈពេល ០៤ ថ្ងៃចាប់ពីថ្ងៃទី០២ ដល់០៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានការចូលរួមស្វាគមន៏ពី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីររ៉ែ និងថាមពល អាជ្ញាធរដែនដីខេត្តទាំងពីរនោះផង។ ចំណែកវិស័យថាមពលវិញ លោកម៉ៅ មុនីវណ្ណា ក៏បានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរមួយរូប មានសេចក្តីរីករាយ ដែលការសាងសង់វារីអគ្គិសនីសេសានក្រោម២ នេះ នឹងអាចផលិតថាមពលបាន ៤០០ មេហ្គាវ៉ាតបន្ថែមទៀត ហើយថាមពលនេះនឹងបង្កើនសេដ្ឋកិច្ចជាតិព្រោះ យើងពិតជាត្រូវការ ថាមពលដើម្បីធ្វើការ អភិវឌ្ឍប្រទេស លោកក៏ស្នើសុំឱ្យរាជរដ្ឋាភិបាលបន្តដោះស្រាយ ជាមួយពលរដ្ឋ ដែលរងផលប៉ះពាល់សេសសល់បន្តទៀត ហើយសូមឱ្យការវិនិយោគឈរលើមូលដ្ឋានចំណេញទាំងអស់គ្នា សុខដុមរម្យនាជាមួយគ្នា។
សូមជំរាបថា នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ២០១៦ ប្រតិភូគណៈកម្មការទី ៩ និងក្រសួងរ៉ែ និងថាមពល បានចុះធ្វើការសិក្សាស្វែងយល់អំពីវិស័យធនធានរ៉ែ នៅក្រុមហ៊ុន Mesco និងក្រុមហ៊ុន Agkor Gold Corp. ដែលមានទីតាំងនៅស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី ដោយបានស្តាប់របាយការណ៏របស់ក្រុមហ៊ុនស្តីពីវឌ្ឍនភាព និងលទ្ឋផលនៃការសិក្សារុករករ៉ែមាសនៅតំបន់នោះ កន្លងមក ដែលបានចំណាយថវិកាអស់ជាង ២០ លានដុល្លា និងដែលអាច ឈានទៅធ្វើអាជីវកម្មនាពេលឆាប់ខាងមុខនេះ។ ក្នុងឱកាសនោះប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងក្រសួងដែលការសិក្សាកន្លងមកបានគិតគូរដល់ផលប្រប៉ះពាល់ របស់ប្រជាជននៅតំបន់នោះ គិតគូរដល់បរិស្ថាន។
ថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០១៦ ប្រតិភូបានបន្តដំណើរទស្សនកិច្ចនៅខេត្តស្ទឹងត្រែង ដោយបានចុះត្រួត ពិនិត្យការដោះស្រាយផលប៉ះពាល់ក្នុងការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយ គម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២ ដែលកន្លងមកក្រសួងរ៉ែ និងថាមពល អាជ្ញាធរដែនដី ក៏ដូចជាក្រុមហ៊ុនសាងសង់ បានដោះស្រាយបាន ជាង ៧៤ភាគរយ នៃចំនួនគ្រួសារដែលរងផលប៉ះពាល់សរុប ដោយសាងសង់ជាផ្ទះឈើ ផ្ទះថ្ម តាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលដីភូមិក្នុងមួយគ្រួសារទទួលបាន ១០០០ ម៉ែត្រក្រឡា ដីស្រែចំការ ០៥ ហិចតា ក្រៅពីនោះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័នដូចជា អណ្តូងទឹក សាលារៀន មណ្ឌលសុខភាព សាលាឃុំ ប៉ុស្តិ៍រដ្ឋបាល វត្តអារ៉ាម ប្រព័ន្ធគមនាគមន៏ ។ បន្ទាប់មកប្រតិភូ ក៏បានចុះពិនិត្យមើលការសាងសង់ទំនប់ស្ថានីយ៏វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរហូតមកទល់ពេលនេះ បានសម្រេចការសាងសង់ ជាង ៤០ ភាគរយហើយ៕