Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បញ្ជាឲ្យឆ្លើយតបជាក់ស្តែង ទៅនឹងទង្វើកូរ៉េខាងជើង

05-02-2016 10:12

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Han Min-koo នៅថ្ងៃនេះ បានបញ្ជាឲ្យកងកម្លាំងក្រោមឱវាទទាំងអស់ ត្រៀមធ្វើការឆ្លើយតបជាក់ស្តែង ប្រសិនបើកូរ៉េខាងជើង ហ៊ានសាកល្បងបបាញ់គ្រាប់មីស៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ដូចដែលខ្លួនបានលើកឡើង កាលពីដើមសប្តាហ៍មែននោះ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៦។

នៅថ្ងៃសុក្រនេះដែរ លោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានកោះហៅ អគ្គមេបញ្ជាការយោធា និងមេបញ្ជាការថ្នាក់តំបន់នានា មកជួបប្រជុំនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាចំពោះវិធានការក្តៅ ដែលកូរ៉េខាងត្បូង បានសច្ចាថា នឹងមិនលើកលែង ឬអត់ធ្មត់ ចំពោះទង្វើដ៏គឃ្លើនរបស់កូរ៉េខាងជើង ដូចពីកាលដែលរដ្ឋកុម្មុយនិស្តមួយនេះ បានសាកល្បងគ្រាប់បែកអ៊ីដ្រូសែន (H-Bomb) ដ៏កក្រើក កាលពីថ្ងៃទី០៦ ខែមករា ទៀតឡើយ។

លោក Han Min-koo ថ្លែងដូច្នេះថា «កងទ័ពកូរ៉េខាងត្បូង ត្រូវត្រៀមចាប់ឲ្យបានបំណែកនៃគ្រាប់រ៉ុក្កែត ដែលកូរ៉េខាងជើងបានបាញ់ ប្រសិនបើវាធ្លាក់ទៅលើផ្ទៃដី ឬដែនទឹក ដែលស្ថិតនៅក្នុង អធិបតេយ្យភាពរបស់កូរ៉េខាងត្បូងនោះ»៕