(បន្ទាយមានជ័យ)៖ លិខិតរបស់ប្រជាពលរដ្ឋមួយច្បាប់រៀបរាប់ពីលំហរបេះដូងគោរពអរគុណ កងកម្លាំងសង្គ្រោះបង្កប់ក្នុងកញ្ចប់បាយ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងសម្រាប់កងកម្លាំងសង្គ្រោះ ក៏ដូចជាមហាជន។
លិខិតនេះជារបស់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឃុំគោកកឋិន ក៏ដូចជាឃុំគំរូ ឃុំថ្មពួក និងឃោគរមៀត បានរងការជន់លិចយ៉ាងខ្លាំងកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកមិនទាន់ស្រកនៅឡើយទេ។
ប្រជាពលរដ្ឋនៅក្នុងឃុំគោកកឋិន ត្រូវបានទឹកលិចព័ទ្ធជុំវិញភូមិយ៉ាងជ្រៅ ប្រៀបដូចជានៅកណ្តាលកោះ មិនអាចធ្វើដំណើរទៅទីណាបានដោយថ្មើរជើង ឬយានជំនិះដទៃទៀតនោះឡើយ។
នៅយប់ថ្ងៃទី១៦ ខែតុលា មកនោះ កងកម្លាំងសង្គ្រោះជិត ៤០០នាក់ ដែលជាកងកម្លាំងយោធានៃយោធភូមិភាគទី៥ យោធាមកពីកងពលពិសេស៩១១ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ យោធាខេត្ត កម្លាំងកងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើសកម្មភាពភ្លាមៗជួយជម្លៀសប្រជាពលរដ្ឋ និងសម្ភារៈប្រើប្រាស់របស់ពួកគាត់។
នៅក្នុងឃុំដែលលិចលង់ដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកថ្មពួកនេះ បើទោះបីថាទឹកលិចលង់ខ្លាំងយ៉ាងណាក្តី តែមិនត្រូវបានជម្លៀសទៅណាឆ្ងាយនោះទេ ដោយសារតែផ្ទះរបស់ពួកគាត់ខ្ពស់។ ដោយឡែកអ្នកមានផ្ទះទាបត្រូវបានជម្លៀសទៅកាន់ផ្ទះបងប្អូន ឬអ្នកជិតខាង។
ក្រៅតែពីជម្លៀសទៅកាន់ផ្ទះខ្ពស់ហើយនោះ កងកម្លាំងសង្គ្រោះ ក៏បានជួយរៀបចំសម្ភារប្រើប្រាស់ផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់នៅទីខ្ពស់ និងជួយរើស្រូវចេញពីជង្រុកទៅដាក់លើផ្ទះជាដើម។ មកដល់ពេលនេះកម្លាំងសង្គ្រោះនៅតែបន្តដាក់ពង្រាយ ដើម្បីជួយដឹក ជួយចម្លងប្រជាពលរដ្ឋពីផ្ទះទៅកាន់តំបន់ផ្សេងៗ ដូចជាទៅមន្ទីរពេទ្យ ឬទៅផ្សារជាដើម។
កាយវិការសង្គ្រោះពោរពេញដោយភាពអង់អាចក្លាហាន និងតម្កល់សេចក្តីសុខរបស់ប្រជាពលរដ្ឋរងគ្រោះជាធំនេះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះគោរពស្រឡាញ់ និងស្ញប់ស្ញែងចំពោះកម្លាំងសង្គ្រោះទាំងអស់។ ដើម្បីជាការតបស្នងដល់កម្លាំងសង្គ្រោះ ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនិមួយៗ ក៏បានជួយរៀបចំដាំបាយ និងខ្ចប់ជូនកម្លាំងសង្គ្រោះទាំងអស់នេះ។
ក្នុងចំណោមកញ្ចប់បាយពោរពេញដោយមនោសញ្ចេតនារបស់ប្រជាពលរដ្ឋរងគ្រោះនេះ គេបានឃើញបាយមួយកញ្ចប់បានបង្កប់សំបុត្រមកជាមួយ មួយច្បាប់ផងដែរ។ ក្នុងសំបុត្រនោះបានសរសេរថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។
ការជួយសង្គ្រោះពេលមានអាសន្នជាតម្រូវដ៏សំខាន់បំផុតសម្រាប់អ្នករងគ្រោះ។ សំណេរក្នុងសំបុត្រខ្លីតែពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់កម្លាំងសង្គ្រោះទាំងអស់។ ជាការបង្ហាញឱ្យឃើញនូវការដឹងគុណ និងអរគុណចំពោះទឹកចិត្តកម្លាំងសង្គ្រោះដែលមិនអាចកាត់ថ្លៃបាន។ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានដឹកនាំកម្លាំង ១៨០នាក់ចូលរួមក្នុងប្រតិបត្តិការនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយពេលឃើញលិខិតនេះ កងកម្លាំងទាំងអស់មានការភ្ញាក់ផ្អើល ហើយក៏រំភើបឥតឧបមាផងដែរ។
លោកវរសេនីយ៍ឯក សឹង្ហ ទុំ បានបញ្ជាក់ថា «និយាយឱ្យត្រង់ទៅកងកម្លាំងសង្គ្រោះទាំងអស់គាត់រំភើប នូវទឹកចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ពួកគាត់មានចំពោះកម្លាំងសង្គ្រោះ។ សំបុត្រនេះប្រៀបដូចឱសថទិព្វធ្វើឱ្យពួកយើងខ្ញុំមានថាមពលកាន់តែខ្លាំងក្លា ក្នុងប្រតិបត្តិការសង្គ្រោះពលរដ្ឋរងគ្រោះ»។
សំបុត្រអាចជាថាមពលផ្លូវចិត្តបន្ថែមសម្រាប់កម្លាំងសង្គ្រោះ តែសម្រាប់កងកម្លាំងជាអ្នកសង្គ្រោះទាំងអស់ គ្រប់ពេលដែលប្រទេសជាតិ និងប្រជាជនមានការលំបាកមិនថាតែពេលមានទឹកជំនន់នាពេលនេះ ឬគ្រោះមហន្តរាយដទៃនោះទេ កងទ័ព និងកងកម្លាំងផ្សេងៗទៀត តែងតែធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋឥតរួញរានោះឡើយ។
លោកវេរសេនីយ៍ឯក សឹង្ហ ទុំ បានលើកឡើងថា «ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការជើងគោក បានក្រើនរំលឹកដល់កងកម្លាំងយើងជាប់ជានិច្ចថា កងទ័ពកើតពីប្រជាជន ត្រូវបម្រើប្រជាជន ពលិកម្មដើម្បីប្រជាជនទោះក្នុងកាលៈទេសៈណាក៏ដោយ។ ដូច្នេះតាំងពីដើមរៀងមកកងទ័ពតែងឈរជាមួយប្រជាជន និងតែងនៅជាមួយប្រជាជនជាប់ជានិច្ច។ ជាពិសេសនៅពេលប្រជាជនមានការលំបាក គឺត្រូវតែមានកងទ័ព»។
សូមបញ្ជាក់ថា ស្រុកថ្មពួក ជាស្រុកមួយក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងរងការលិចលង់ខ្លាំងពីជំនន់ទឹកភ្លៀង។ ដើម្បីត្រៀមប្រតិបត្តិការសង្គ្រោះកម្លាំងយោធានៃយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឯក សំអូន, កម្លាំងយោធានៃបញ្ជាការដ្ឋានកងពលតូចទ័ពពិសេស (អតីតកងទ័ពពិសេសឆ័ត្រយោង៩១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាប ភក្កី, កម្លាំងយោធានៃកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោក លោកវរសេនីយ៍ឯក សឹង្ហ ទុំ, កម្លាំងយោធាខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្ត បានដាក់ប្រចាំការនៅកន្លែងជនលិចក្នុងស្រុកថ្មពួកជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយចម្លងប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយនេះ ក៏បានអញ្ជើញមកឈរជើងជាប់ជាប្រចាំនៅក្នុង ខេត្តបន្ទាយមានជ័យនេះផងដែរ។
នៅថ្ងៃទី១៨ និង១៩ ខែតុលា នេះ លោកទេសរដ្ឋមន្ត្រី បានធ្វើដំណើរចុះទៅដល់កន្លែងជន់លិចក្នុងស្រុកថ្មពួក ដើម្បីសួរសុខទុក្ខកម្លាំងសង្គ្រោះ និងប្រជាពលរដ្ឋរងការជន់លិច ព្រមទាំងពិនិត្យស្ថានភាពជន់លិច និងដាក់វិធានការជាដំណោះស្រាយមួយចំនួន៕