(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្នុងក្រុមការងារ និងមន្ត្រីខេត្តចុះចែកអំណោយមួយចំនួនមានជាគ្រឿងឧបភោគ-បរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋ ៥០០គ្រួសារ មកពីឃុំព្រះដំរី និងឃុំបន្ទាយស្ទោង នៃភូមិសាស្ត្រស្រុកស្ទោង។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបានបន្តថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ព្រោះតែគ្មានការជួយពីរាជរដ្ឋាភិបាល កាកបាទក្រហម ក៏ដូចជាអាជ្ញាធរក្រោមឱវាទនោះឡើយ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
លោក ថោង ខុន បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់ និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអសិរពិស ពិសេសមិនត្រូវបណ្តែតបណ្ដោយឱ្យកូនចៅតូចៗលេងទឹកឡើយ។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ខ្លួន ជៀសវាងការបាត់បង់ដោយសារបញ្ហាជំនន់ទឹកភ្លៀងនេះ។
បើតាមរបាយការណ៍របស់លោក ណែត សារី អភិបាលស្រុកស្ទោង បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់លំនៅដ្ឋានចំនួន ៤,៥២៣ខ្នង ស្មើនឹង ៣៩ភូមិ នៃឃុំចំនួន ៥ បណ្ដាលឱ្យលិចលង់ដំណាំស្រូវចំនួន ៨,៨១៤ហិកតា ប៉ុន្តែមិនទាន់ឈានដល់ការជម្លៀសប្រជាពលរដ្ឋនៅឡើយទេ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត សុខ លូ ក៏បានឱ្យដឹងដែរថា ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋទូទាំងខេត្តចំនួន ៦,៩៥៥ខ្នង ក្នុងនោះនៅស្រុកសន្ទុកចំនួន ៣៣០ខ្នង ស្រុកប្រាសាទសំបូរចំនួន ១២៣,៣៥៦ខ្នង ស្រុកតាំងគោកចំនួន ១០០ខ្នង ស្រុកស្ទោងចំនួន ៤,៥២៣ខ្នង ស្រុកបារាយណ៍ចំនួន ២៧៥ខ្នង ស្រុកសណ្ដាន់ចំនួន ៦១៥ខ្នង ស្រុកប្រាសាទបល្ល័ង្កចំនួន ៣៧៦ខ្នង ស្រុកកំពង់ស្វាយចំនួន ១១២ខ្នង និងក្រុងស្ទឹងសែនចំនួន ២៦៨ខ្នង។
លោកបន្តថា រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់។
លោកបានបញ្ជាឱ្យអភិបាលស្រុកទាំង ៩ និងអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមទីទួលសុវត្ថិភាពឱ្យរួចជាស្រេច សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ ប្រសិនមានករណីជំនន់ទឹកភ្លៀងហក់ឡើងខ្ពស់ នាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានបន្តដាស់តឿនដល់មន្ត្រីមូលដ្ឋានត្រូវបន្តតាមដានពីស្ថានភាពទឹកភ្លៀងក្នុងមូលដ្ឋានរៀងៗខ្លួនជាប់ជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបង្កើនប្រុងប្រយ័ត្នគ្រប់ពេលវេលា ពិសេសត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាពេលនោះរួមមានអង្ករ ១២.៥តោន មីជាតិ ៥០០កេស ត្រីខកំប៉ុង ៥០០យួរ ទឹកស៉ីអ៉ីវ ៥០០យួរ ទឹកបរិសុទ្ធ ៥០០កេស ថ្នាំពេទ្យ Tiffy ចំនួន ២,៥០០បន្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៉ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ។
ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ទោះបីមានការព្រួយបារម្ភចំពោះគ្រោះធម្មជាតិនេះក៏ពិតមែន ប៉ុន្តែបានរាជរដ្ឋាភិបាល បានសម្ដេចទាំងទ្វេ និងមន្ត្រីរាជការក្រោមឱវាទមានការគិតគូរជាប់ជាប្រចាំ ដែលកាយវិការនេះមិនធ្វើឱ្យពួកគាត់ខកបំណងចំពោះការជឿទុកចិត្តនោះឡើយ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែតុលាស្អែកនេះ លោករដ្ឋមន្ត្រី ថោង ខុន នឹងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ និងស្រុកតាំងគោកបន្តទៀតផងដែរ៕