(ភ្នំពេញ)៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានដឹកនាំគណៈប្រតិភូចំនួន ១២រូប មកធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ប្រទេសបារាំង គឺជាប្រទេសមួយដែលគាំទ្រក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហម។ បើគិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បារាំងបានផ្តល់ថវិកាចំនួន ៩,៨៨លានដុល្លាសហរដ្ឋអាមេរិក នៅក្នុងដំណើរការកាត់ទោសនេះ។
ភាសាបារាំង ក៏មានតួនាទីសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែរ។ ឯកសារទាក់ទងនឹងរបបខ្មែរក្រហមមួយចំនួន រួមទាំងសៀវភៅ និងព្រឹត្តិប័ត្រ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាភាសាបារាំង។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបកប្រែសៀវភៅប្រវត្តិសាស្ត្រធំមួយ កម្រាស់៥៤៩ទំព័រ ដែលមានចំណងជើងថា «HISTOIRE DU CAMBODGE: Depuis Le 1er Siècle de Notre Ère Adhemard Leclère» (ប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីទសវត្សរ៍ទី១ រហូតមក) ពីភាសាបារាំងទៅជាភាសាខ្មែរ ហើយបានចែកជូនសិស្សានុសិស្ស ព្រមទាំងគរុសិស្សនៅទូទាំងប្រទេសកម្ពុជា រហូតមកទល់សព្វថ្ងៃនេះ។ សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ គឺជាឯកសារក្បោះក្បាយ និងមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការជួយដល់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន។
មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយសិល្បករ សេរ៉ា អ៉ឹង ក្នុងការសាងសង់រូបចម្លាក់ ដើម្បីរំឭកការចងចាំអំពីជនរងគ្រោះនៃរបបខ្មែរក្រហម ដែលទទួលបានជំនួយឧបត្ថម្ភពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងគឺជាផ្នែកមួយនៃគម្រោងសំណងរបស់តុលាការខ្មែរក្រហម។ រូបចម្លាក់នេះមានឈ្មោះថា «សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ» ដែលបច្ចុប្បន្នត្រូវបានដាក់តាំងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ច ភ្ញៀវកិត្តិយសបានធ្វើដំណើរមកកាន់ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាទីតាំងចងក្រង និងរក្សាទុកឯកសារពីសម័យខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ឯកសារជាង ៥សែនឯកសារ ទៅដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញដល់ប្រតិភូអំពីការងារបច្ចុប្បន្នរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានទីតាំងចំនួន១០ បាននិងកំពុងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។ លោកស្រី ក៏បានបកស្រាយអំពីកេរដំណែលស្នូលទាំង៣ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានយុត្តិធម៌, ការចងចាំ និងការផ្សះផ្សា។
បន្ទាប់មក លោក ឆាំង យុ បាននាំប្រតិភូកិត្តិយសបន្តធ្វើទស្សនកិច្ចទៅកាន់ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអគារមួយសាងសង់ឡើងក្នុងឆ្នាំ១៩២៥ នាអំឡុងសម័យអាណាព្យាបាលបារាំង។ ប្រជាជនទូទៅតែងតែហៅសំណង់ស្ថាបត្យកម្មប្រភេទខាងលើថាជា «ផ្ទះបារាំង» ដោយសារតែសំណង់ទាំងនេះសាងសង់ឡើងតាំងពីមុនពេលប្រទេសកម្ពុជាទទួលបានឯករាជ្យ។
អ្នកសិក្សាមួយចំនួនបានលើកឡើងថា «ផ្ទះទម្រង់បែបនេះ គឺជាផ្ទះខ្មែរក្នុងជំនាន់អាណាព្យាបាលបារាំង»។ លោក ឆាំង យុ បានរចនាកែលម្អអគារបណ្ណាល័យតាមបែបសហសម័យ ដោយរក្សាទុកនូវទ្រង់ទ្រាយដើម ដើម្បីបង្កើនសោភ័ណភាពឲ្យបានស័ក្តិសមនឹងព្រះបរមនាមរបស់សម្តេចម៉ែ។
លោក ឆាំង យុ និងលោកបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរជីវប្រវត្តិសម្តេចព្រះបរមរតនកោដ្ឋ បានផ្តល់ព័ត៌មានយ៉ាងពិស្តារ អំពីពិព័រណ៍ចម្បងចំនួនពីរគឺ ព្រះឆាយាលក្ខណ៍សម្តេចព្រះបរមរតនកោដ្ឋ និងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្ត្រីដ៏កម្រនិងល្បីល្បាញកម្រិតពិភពលោក។ វិទ្យាស្ថានស្លឹករឹត គឺជាកេរដំណែលនៃការផ្សះផ្សាដែលមជ្ឈមណ្ឌលឯកសារកម្ពុជារំពឹងទុកថា នឹងអាចមានការគាំទ្រសាងសង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់មក ប្រតិភូកិត្តិយសបានទស្សនាបរិក្ខារតម្កល់ទុកនិងអភិរក្សឯកសាររបស់ «បណ្ណាល័យសម្តេចម៉ែ»។ នៅចុងបញ្ចប់ ប្រតិភូកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានពិភាក្សាលើប្រធានបទ ស្តីពីសំណងជនរងគ្រោះនៃរបបខ្មែរក្រហម និងឯកសារដែលបន្សល់ទុក ក្រោយពេលតុលាការបញ្ចប់ប្រតិបត្តិការ។
មជ្ឈមណ្ឌលឯកសារកម្ពុជាសង្ឃឹមថា នឹងអាចបន្តការងារកាន់តែស្អិតរមួតជាមួយនឹងរដ្ឋាភិបាលបារាំង ក៏ដូចជាស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្នុងការប្រមែប្រមូលឯកសារបន្តទៀត និងថែរក្សាទុកឯកសារតុលាការខ្មែរក្រហម ក្រោយពេលដែលតុលាការនេះបញ្ចប់ទៅ។ នៅក្នុងកិច្ចពិភាក្សា អ្នកចូលរួមបានលើកឡើងអំពីគម្រោងថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ប្រជាជនកម្ពុជាដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបមានចំនួនប្រមាណ ៥លាននាក់។ បច្ចុប្បន្ន ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការយ៉ាងជិតស្និតជាមួយក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាមកពីប្រទេសភីលីពីន ក្នុងការផ្តល់សេវាថែទាំសុខភាពផ្លូវកាយជូនដល់អ្នករស់រានមានជីវិតទាំងអស់នេះ នៅតាមភូមិឋានមួយចំនួន។
លោកស្រីឯកអគ្គរដ្ឋទូត អេវ៉ា ង្វៀង ប៊ិញ តំណាងឲ្យប្រតិភូកិត្តិយស និងស្ថានទូតបារាំងនៅកម្ពុជាបានចារចំណារអនុស្សារីយ៍ លើសៀវភៅក្រាំងមាសរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានអត្ថន័យដូចតទៅ៖
«ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់សូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក ឆាំង យុ និងក្រុមការងាររបស់លោក សម្រាប់ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ និងរំជួលចិត្តមួយនេះ។ នៅពីក្រោយដំណើរទស្សនកិច្ចខាងលើ មានការអនុវត្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីរក្សាការចងចាំ ការសិក្សាយល់ដឹង និងការចែករំលែកទៅកាន់អ្នកដទៃ ដែលនេះគឺជាកាយវិការដ៏មានតម្លៃបំផុត។ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងក្រៃលែង ចំពោះការងារដ៏មានសារប្រយោជន៍មហិមា សម្រាប់សង្គមជាតិកម្ពុជា»៕