(បន្ទាយមានជ័យ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គ្រោះទឹកជំនន់ ដែលកម្ពុជាទទួលរងគ្រោះ នាពេលនេះ ក៏ជាបញ្ហាប្រឈមមួយគួរឲ្យបារម្ភ ក៏ប៉ុន្តែរាជរដ្ឋាភិបាល នៅតែផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅជួយអន្តរាគមន៍បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ ដូចជាតាមរយៈការផ្តល់អំណោយសង្គ្រោះបន្ទាន់ជាដើម។
លោកបានបន្ថែមថា បញ្ហាសុខភាព និងសុវត្ថិភាព គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយ ជាពិសេសក្នុងដំណាក់កាលកំពុងរងគ្រោះដោយទឹកជំនន់នេះ គឺប្រជាពលរដ្ឋត្រូវតែរក្សាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាព និងសុវត្ថិភាពគ្រួសារឱ្យបានល្អ ចៀសវាងនូវកាប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដោយប្រការណាមួយ។
លោក វង សូត បានបន្តថា ប្រជាជនទាំងអស់ក៏កុំភ្លេចការពារនូវការឆ្លងជំងឺកូវីដ១៩ ព្រោះថា បើទោះបីជាកំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ក្តី ក៏កម្ពុជាមិនទាន់មានសុវត្ថិភាពទាំងស្រុងពីជំងឺកូវីដ១៩ នៅឡើយនោះទេ។
លោករដ្ឋមន្រ្តី លើកឡើងបែបនេះ ខណៈលោកនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ និងនាំយកអំណោយចែកជូនដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ចំនួន ៣០០គ្រួសារ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អំណោយទាំងនេះ មានដូចជា អង្ករ មី ក្រមា ភួយ មុង និងថវិកាជាដើម សរុបជាទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក។
រដ្ឋមន្ត្រី វង សូត បានបន្ថែមថា ប្រជាពលរដ្ឋ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យកន្លែងរស់នៅ អនាម័យចំណីអាហារ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ បរិភោគទឹកស្អាត ទឹកដាំពុះ ទទួលទានដំណេកក្នុងមុង ជាដើម។
បន្ទាប់ពីពិធីប្រគេន-ប្រគល់ និងទទួលទេយ្យទាន និងអំណោយនេះទៅ លោករដ្ឋមន្ត្រី វង សូត និងប្រតិភូ, តំណាងស្ថាប័នជាតិ និងអន្តរជាតិ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យមើលស្ថានភាពប្រជាជននៅតាមផ្ទះ ដែលកំពុងរងគ្រោះដោយទឹកជំនន់នៅសង្កាត់ទឹកថ្លា ខណ្ឌសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ និង ពិនិត្យមើលអំពីដំណើរការនានាពាក់ព័ន្ធ នឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ៕