(ភ្នំពេញ)៖ អំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នេះ ទាំងគណបក្សនយោបាយ និងអង្គការសង្គមស៉ីវិល កោតសរសើរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្រឹងប្រែងធ្វើការងាររបស់ខ្លួន ដោយទទួលបានលទ្ធផលល្អយ៉ាងខ្លាំង។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។
លោក ឆុង ចន្ថន តំណាងគណបក្សយុវជនកម្ពុជា បានលើកឡើងថា ពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ លោកបានសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់។ ជាលទ្ធផល លោកមិនឃើញមានជាបញ្ហាធំដុំកំភួនអ្វី គួរឲ្យកត់សម្គាល់ឡើយ។
ទន្ទឹមនឹងការកោតសរសើរ គ.ជ.ប តំណាងគណបក្សយុវជនកម្ពុជា ថែមទាំងលើកសំណូមពរ ដល់គ្រប់គណបក្សនយោបាយទាំងអស់ សហការឲ្យបានជិតស្និត ជាមួយគ.ជ.ប។ លោកលើកឡើងថា គណបក្សនយោបាយ មិនគួរធ្វើការប្រឆាំងនឹង គ.ជ.ប ដោយប្រការណាមួយឡើយ។
លោក ឆុង ចន្ថន បានបញ្ជាក់យ៉ាងដូច្នេះ៖ «គណបក្សផ្សេង គាត់លើកឡើងថា ស្រឡាញ់ប្រជាពលរដ្ឋ ស្រឡាញ់ជាតិ ទាល់តែប្រឆាំងជាមួយ គ.ជ.ប។ អញ្ចឹងហើយ ខាងគណបក្សខ្ញុំឃើញថា គ.ជ.ប គាត់ប្រឹងប្រែងដែរ ហើយការចុះឈ្មោះបោះឆ្នោត ក៏មិនមានបញ្ហាអីដែរ។ ហើយចំពោះការប្រឆាំង គ.ជ.ប ធ្វើឲ្យជាតិ និងប្រជាពលរដ្ឋជោគជ័យ ខ្ញុំគិតថាមិនមែនទេ»។
ថ្លែងដូចតំណាងគណបក្សយុវជនកម្ពុជាដែរ លោក ស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់ គ.ជ.ប ចំពោះការដុតដៃដុតជើង ធ្វើសកម្មភាពរបស់ខ្លួនស្របតាមច្បាប់ និងដើម្បីប្រទេសជាតិទាំងមូល។ លោកស្រីចាត់ទុកថា គ.ជ.ប គឺជាផ្នែកមួយដែលបានខិតខំលើកស្ទួយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យកាន់តែបានល្អប្រសើរ។
លោកស្រីប្រធានគណបក្សធម្មាធិបតេយ្យ បានលើកទឹកចិត្តគណបក្សនយោបាយទាំងអស់ ធ្វើការជាមួយ គ.ជ.ប ដោយគោរពទៅតាមច្បាប់ និងចៀសវាងការឈ្លោះប្រកែកគ្នាផងដែរ។
លោក ស្រី ពោធិតី សាវត្ថី បានបញ្ជាក់ថា «លទ្ធិប្រជាធិបតេយ្យយើងត្រឹមត្រូវល្អណាស់ ហើយខ្ញុំក៏សូមអរគុណ គ.ជ.ប ដែរពីព្រោះអី ខ្ញុំឃើញដុតដៃដុតជើង។ ការបោះឆ្នោតអី បើគ្មានគ.ជ.ប គណបក្សផ្សេងៗមិនអាច ជាប់ឆ្នោតបានទេ។ លទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរមានគ្រប់គ្រាន់ហើយ មិនបានប្រឆាំងឈ្លោះទាស់ទែងគ្នាអីទេ។ អញ្ចឹងយើងនិយាយអ្វីក៏ដោយ សុំឲ្យគណបក្សនយោបាយគ្រប់គ្នាហ្នឹង សូមផ្អែកនៅលើច្បាប់ផង»។
ចំណែកលោក នី តំណាងអង្គការនេតហ្វិច បានលើកឡើងថា ឆ្នាំ២០២០នេះ គ.ជ.ប បានធ្វើការងារកាន់តែល្អជាងមុខ។ ល្អត្រង់ថា ដោយយោងទៅតាមលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែលជាពេលមិនទាន់បិទបញ្ចប់ដំណើរការផង ទទួលបានលទ្ធផល ៨៥ភាគរយ។
លោកថ្លែងទៀតថា បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក លទ្ធផលនេះ គឺបានល្អជាងឆ្នាំមុនៗទាំងអស់។
«ដូច្នេះជាលទ្ធផលមួយ ដែលខ្ញុំសូមកោតសរសើរ ការប្រឹងប្រែងរបស់ក្រុមការងារចុះឈ្មោះបោះឆ្នោត ប្រចាំនៅតាមឃុំមួយៗ ទូទាំងប្រទេស»។ នេះជាការបញ្ជាក់ របស់តំណាងអង្គការនេតហ្វិច។
ទន្ទឹមនោះ លោកតំណាងអង្គការខាងលើ បានលើកឡើងបញ្ហាប្រឈម៣ ដែលលោកសង្កេតឃើញកន្លងមក រួមមាន៖
១៖ ឧបសគ្គ៖ បញ្ហាឧបករណ៍របស់ក្រុមការងារចុះឈ្មោះបោះឆ្នោតចាស់ៗខ្លាំង, បញ្ហាអគ្គិសនីតាមតំបន់មួយចំនួន និងបញ្ហាអ៉ីនធើណេត នៅតែប្រឈមសម្រាប់ធ្វើការ។
២៖ អាកាសធាតុ៖ អំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានភ្លៀង និងទឹកជំនន់។
៣៖ នីតិវិធី ដែលចែងពីការដាក់ភ្នាក់ងារបម្រុងថា យ៉ាងហោចណាស់ ដាក់ភ្នាក់ងារបម្រុង ១នាក់ ធ្វើឲ្យមានការព្រួយបារម្ភ។ លោកសំណូមពរ ឲ្យបញ្ជាក់កាន់តែច្បាស់ពីចំណុចនេះ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គិតត្រឹមវេលាម៉ោង ១៧៖៣០នាទី មានប្រជាពលរដ្ឋ ២៥៦៥៤៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ដែលស្មើនឹង ៨៥.៤០ភាគរយ។
លោករំលឹកថា ការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ឆ្នាំ២០២០ មានរយៈពេលសរុប ១៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ប៉ុន្តែដោយសារនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត បានប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត (បិទការិយាល័យចុះឈ្មោះបោះឆ្នោត) ដូច្នេះការងារចុះឈ្មោះបោះឆ្នោតជាក់ស្តែង នៅសល់តែ ១៨ថ្ងៃប៉ុណ្ណោះ៕