(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាលជំនាញ នៃក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នោះនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកព្រះរាជអាជ្ញារង សេង ហៀង បានបើកការស៊ើប និងសម្រេចចោទប្រកាន់អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន ២រូបជាផ្លូវការហើយ។
បើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកតំណាងអយ្យការ សេង ហៀង បានចោទប្រកាន់លើឈ្មោះ គង់ ប៊ុនហ៊ាង និងឈ្មោះ ហង្ស សេង ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ យោងតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ។
លោក គុជ គឹមឡុង បានបញ្ជាក់បន្ថែមថា សំណុំរឿងនេះត្រូវបានតំណាងអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើយោងតាមបទចោទប្រកាន់ខាងលើនេះ ជនត្រូវចោទអាចនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ទៅ ១០លានរៀល។
គួររម្លឹកថា ជនត្រូវចោទឈ្មោះ គង់ ប៊ុនហ៊ាង អាយុ ៦៦ឆ្នាំ ជាអតីតសមាជិកប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ចំណែកជនត្រូវចោទឈ្មោះ ហង្ស សេង ជាអតីតសមាជិកប្រតិបត្តិគណៈបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
ការឃាត់ក្រុមជនត្រូវចោទទាំង២នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគេធ្វើសកម្មភាពប្រមាថចំពោះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមមាត្រា ៧ នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»៕