(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ផ្លូវការឲ្យដឹងថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភកើនដល់ ៧.៥៧៣.១៦៣ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

ការជួយឧបត្ថម្ភជាថវិកានេះបានបង្ហាញយ៉ាងច្បាស់ពីការជួយគ្នាក្នុងគ្រាលំបាករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាកប្រជាជនពីសំណាក់ រាជរដ្ឋាភិបាលលើបញ្ហាទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលនេះ។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។

សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕