(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងជើងឯក និយាយ និងពិភាក្សាជាភាសាអង់គ្លេស នៅសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលសហប្រតិ្តបត្តការកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារអង់គ្លេស ជាភាសាយាន្តក្នុងការទំនាក់ទំនង នៅក្នុងតំបន់ដូច្នេះប្រទេសនីមួយៗ ត្រូវបណ្តុះបណ្តាលធនធានមនុស្សផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព នៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស ដើម្បីសម្រេចបាននូវគោលដៅ សហគមន៍អាស៊ានតែមួយ។
លោក ហ៊ុន ម៉ាណែត បានបន្តថា ការប្រកួតប្រជែងនិយាយ និងពិភាក្សាជាភាសាអង់គ្លេស បាននាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដល់សិស្សនុសិស្សវិទ្យាល័យ មហាវិទ្យាល័យដើម្បីឱ្យប្អុនៗ ក្មួយៗមានសមត្ថភាពយល់ច្បាស់ អំពីសារៈសំខាន់នៃការជជែកវែកញែក ប្រកបដោយមានហេតុផល និងការគោរពគ្នា។ ដូច្នេះអត្ថប្រយោជន៍ដែលយុវជនទទួលបាននៅពេលនេះ គឺកើតចេញការខិតខំប្រឹងប្រែងរបស់ពួកគេហើយនេះ គឺជាគំរូដ៍ល្អនិងជាឱកាសដ៍អស្ចារ្យមួយ សម្រាប់សិស្ស និស្សិតបង្ហាញសមត្ថភាពរបស់ពួកគេ ក្នុងការនិយាយទៅកាន់មនុស្ស ដែលមានចំនួនច្រើនបែបនេះ។
លើសពីនេះ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យប្រជាពលរដ្ឋកម្ពុជា ត្រូវបង្កើនសមត្ថភាពវិភាគ និងគិតពិចារណាឱ្យបានល្អិតល្អន់ និងត្រូវបង្កើនការទទួលខុសត្រូវ ក្នុងការសម្រេចចិត្ត។
គួរបញ្ជាក់ផងដែរថា ប្រកួតប្រជែងនិយាយ និងពិភាក្សាជាភាសាអង់គ្លេសនេះ ផ្តោតលើប្រធានបទទាក់ទងទៅនឹងវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ដែលកម្មវិធីនេះរៀបចំដោយស្ថាប័នSpring Board 4 Cambodia ដែលមានការចូលរួមប្រកួតប្រជែង ពីសំណាក់សិស្សនិស្សិតចំនួន២៦៥ មកពី៧០ស្ថាប័នអប់រំ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការជម្រុះចំនួន០៤ដំណាក់កាល ដំណាក់ចុងក្រោយនេះ មានចូលរួមប្រមាណជាង៥០០នាក់៕