(សៀមរាប)៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១១៦គ្រួសារ ក្នុងក្រុងសៀមរាប មកពី៣សង្កាត់ ស្មើនឹង ៤ភូមិ បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ពិធីចែកអំណោយបានធ្វើឡើង ក្រោមអធិបតីរបស់លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ និង អនុសាខាកាកបាទក្រហមក្រុង អ្នកស្ម័ត្រចិត្ត និង ក្រុមយុវជនកាកបាទក្រហមកម្ពុជាចូលរួមផងដែរ។
ក្នុងសេចក្តីរាយការណ៍របស់លោក នួន ពុទ្ធារ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប បានធ្វើការបញ្ជាក់អំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្តល់អំណោយមនុស្សធម៌ ព្រមទាំងការងារសុខមាលភាពសហគមន៍ផងដែរ។
នាឱកាសនោះ លោក ទៀ សីហា បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែ យកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបន្តថា ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។
លោកក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ទន្ទឹមនេះដែរលោក ក៏បានក្រើនរម្លឹកដល់ប្រជាពល មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគមន៍ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយ និងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាសឲ្យបានត្រឹមត្រូវ។
ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រកមូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។
ក្នុងនោះដែរលោក ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋនៅក្រុង សៀមរាប ដែលមានក្បាលដី លំនៅដ្ឋានមានការប៉ះពាល់លើការអភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែ ហើយបានចូលរួមសហការ ធ្វើការរុះរើលំនៅដ្ឋាន ក្នុងផលប្រយោជន៍ទាំងអស់គ្នា ដើមី្បកែប្រែលើកកម្ពស់សោភណ្ឌភាពក្រុងទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និង ជាការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅពេលអនាគតទៀតផង។
លោកក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ និង ក្រុមគ្រួសារ នៅពេលដែលមានគ្រោះទឹកជំនន់នេះ ព្រមទាំងត្រូវប្រកាន់ជាប់អនាម័យ សម្អាតផ្ទះសម្បែង ហូបទឹកស្អាត ទឹកឆ្អិនជាដើមចៀសវាងជំងឺដង្កត់ផ្សេងៗ ហេតុនេះត្រូវសម្រានក្នុងមុង សម្អាតបរិស្ថានជុំវិញផ្ទះ ដើមី្បបំបាត់ជម្រកមូសខ្លា តែបើសង្ស័យសូមរួសរាន់អញ្ជើញទៅ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និង សូមបងប្អូនរួសរាន់លើការងារដាំដុះដំណាំរួមផំ្ស ក្រោយពេលទឹកស្រក ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។
អំណោយជូនបងប្អូនទាំង១១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, ឃីត ១កញ្ចប់, កន្ទេល១, មី ១កេស ត្រីខ ១យូរ, ទឹកស៉ីអ៉ីវ ៤ដប, អាយឺត២, សាប៊ូប្រូតិច ២ដុំ, តង់ប្លាស្ទិច១ និង ថវិកា១០ម៉ឺនរៀល៕