(ឧត្តរមានជ័យ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្តឧត្តរមានជ័យ និងមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ការធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋខ្មែរ ដែលជាពលករត្រឡប់មកពីប្រទេសថៃវិញ ដើម្បីការពារពីជំងឺកូវីដ-១៩។
ការជំរុញបែបនេះរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងលោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយតំណាងអង្គសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាឡែន ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំងចុះពិនិត្យស្វែងយល់ស្ថានភាពច្រកអន្តរជាតិអូរស្មាច់ ក៏ដូចជាមណ្ឌលចត្តាឡីស័កមួយចំនួនក្នុងខេត្តផងដែរ។
នៅក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា «សម្រាប់បញ្ហាជំងឺកូវីដ-១៩ គឺអត់ទាន់ចប់ទេ ថ្វីត្បិតតែយើងមានបញ្ហាទឹកជំនន់ក៏ពិតមែន ក៏យើងទាំងអស់គ្នាមិនត្រូវភ្លេចបញ្ហាបន្តកិច្ចការពារប្រឆាំង និងជំងឺកូវីដ-១៩នោះទេ ពិសេសធ្វើយ៉ាងណាយើងត្រូវធ្វើការការពារបន្តបន្ទាប់ទៀត»។
ឆ្លៀតតក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសូមសំដែងនូវអំណរគុណចំពោះអាជ្ញាធរខេត្តឧត្តរមានជ័យ ដែលបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដែលរហូតមកដល់ថ្ងៃនេះ ក្នុងខេត្តទាំងមូលមិនទាន់មាននណាម្នាក់ឆ្លងជំងឺកូវីដ-១៩ នោះទេ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ទោះបីមិនទាន់ឆ្លងក៏យើងត្រូវគិតទៅមុខទៀត ពីព្រោះលទ្ធភាពនៃការចម្លង គឺតែងតែមាន ពិសេសបងប្អូនអ្នកដំណើរដែលធ្វើដំណើរចុះឡើងៗ ដូចជាបងប្អូនធ្វើដំណើរមកពីប្រទេសក្រៅផងដែរ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ករណីជំងឺកូវីដ-១៩ ដែលកម្ពុជារកឃើញកន្លងមកសុទ្ធសឹងជាករណីនាំចូល ដូច្នេះ ត្រូវរួមគ្នាបន្ថែមទៀត ជាសិសេសការត្រួតពិនិត្យទៅលើច្រកចេញចូល ដែលត្រូវតែពង្រឹងបន្ថែមទៀត។ លោកស្រីក៏បានសំណូមពរដល់លោកអភិបាលខេត្ត ឱ្យពង្រឹងការធ្វើចត្តាឡីស័ក ការធ្វើចត្តាឡីស័ក គឺមានសារៈសំខាន់ណាស់ ជោគជ័យរបស់កម្ពុជា ដែលទប់បានការរីករាលដាល់ជំងឺកូវីដ-១៩ និងការអនុវត្តន៍នូវការរុករកអ្នកប៉ះពាល់ និងអ្នកដែលសង្ស័យមានជំងឺកូវីដ បានធ្វើចត្តាឡីស័កឱ្យបានគ្រប់១៤ថ្ងៃ នៅតែជាចំណុចក្តៅគគុក។
លោកស្រី ឱ វណ្ណឌី ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ ស្របពេលដែលទឹកជំនន់កំពុងកើតមានឡើងនៅក្នុងខេត្ត ត្រូវធ្វើការអប់រំណែនាំប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព ត្រូវត្រៀមរៀបចំផ្តល់កន្លែងផ្តល់សេវាសុខភាពឱ្យបានល្អមុនទឹកជំនន់កើតឡើង។ ត្រូវពង្រឹងសេវានៅតាមមណ្ឌលសុខភាព ព្រោះមណ្ឌលសុខភាពជាទីតាំងមួយនៅកៀកជាមួយប្រជាពលរដ្ឋ ដូច្នេះ បើដំណើរការមណ្ឌលសុខភាពនោះល្អ រឹងមាំនោះ សុខភាពប្រជាពលរដ្ឋនឹងមានភាពប្រសើរឡើង។
ទន្ទឹមនឹងនេះដែរ លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកន្លងមកនេះ លោកមិនបានសម្រាកទេ បុណ្យទានគេសម្រាកពេទ្យអត់បានសម្រាកទេ។ លោកស្រីសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តនៅបេសកកម្មដ៏ថ្លៃថ្លានេះ និងធ្វើយ៉ាងណាឱ្យតម្លៃសុខាភិបាល ត្រូវតែមានជានិរន្ត ឋិតឋេរជារៀងរហូត ហើយត្រូវតែថែរក្សានៅក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបាន១០០ភាគរយ។
ជាមួយគ្នានេះដែរ លោកប៉ែន កុសល្យ ក៏បានថ្លែងអំណរគុណដល់លោកស្រី ឱ វណ្ណឌីន ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះមកបំពេញភារកិច្ច ក្នុងខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្ត ក៏ជម្រាបជូនលោកស្រីរដ្ឋលេខាធិការ ពីការខិតខំប្រឹងប្រែងចូលរួមអាជ្ញាធរខេត្ត ក្រុងស្រុក និងមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានយ៉ាងល្អ។ លោកអភiបាលខេត្ត ក៏សំណូមពរទៅលោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើសុំរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដើម្បីប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកជំងឺផងដែរ៕