(ទីក្រុងប៊ែកឡាំង)៖ មនុស្ស៤នាក់ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួន ដោយជាប់សង្ស័យថា ជាបក្ខពួកក្រុមឧទ្ទាម ISIS និងបានរៀបចំ គម្រោងការវាយប្រហារតំបន់អាមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ជាពិសេសគឺនៅក្នុងទីក្រុងប៊ែកឡាំង នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃទី០៥ ខែកុម្ភៈ។
ជនទាំង៤នាក់នេះ ត្រូវបានប៉ូលិសទីក្រុងប៊ែកឡាំង ចាប់ខ្លួននៅក្នុងបន្ទាប់ Apartments មួយ ក្នុងទីក្រុងប៊ែកឡាំង នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដោយពួកគេត្រូវបានសង្ស័យថា ជាបក្ខពួកក្រុម ISIS ដែលទទួលបញ្ជារៀបចំផែនការវាយប្រហារ នៅក្នុងប្រទេស អាល្លឺម៉ង់។
អ្នកនាំពាក្យរបស់ប៉ូលិសក្រុងប៊ែកឡាំង លោក Stefan Redlich បានឲ្យដឹងថា អ្នកទាំង៤នេះ ជាប់សង្ស័យជាបក្ខពួកក្រុម ISIS ដោយក្រោយពីចាប់ខ្លួន មានភស្ដុតាងមួយចំនួនត្រូវបានរឹបអូស ហើយនៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែពិនិត្យទៅលើ ភស្ដុតាងទាំងនោះ ដើម្បីឲ្យប្រាដកថា ពួកគេរៀបចំធ្វើភេរវកម្មនៅតំបន់ណា៕