(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ៤៩១២ “ឆ១” ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ជា នុសិទ្ធ ភេទប្រុស មានតួនាទីជា ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៃក្រសួងការពារជាតិ និងមានតួនាទីជា ទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភា ដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ ប៉ុន្តែទោសនេះព្យួរធម្មតា និងពិន័យជាប្រាក់ ៣.០០០.០០០ (បីលាន) រៀល ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកស្អុយចំនួន៣លើក ដែលមានទឹកប្រាក់សរុបចំនួន ៦៨៧.០០០ USD (ប្រាំមួយរយប៉ែតសិបប្រាំពីរពាន់ដុល្លារអាមេរិកគត់) ប្រព្រឹត្តនៅចំនុចរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ជាមួយគ្នានេះចៅក្រមជំនុំជម្រះក៏បានបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ចំនួន ៤០.០០០USD (សែសិបពាន់ដុល្លារអាមេរិកគត់) ដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។
យោងតាមការឲ្យដឹងពីលោកមេធាវី លី រដ្ឋធី មេធាវីតំណាង និងការពារសិទ្ធិឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ថា ការសម្រេចផ្តន្ទាទោសដោយការព្យួរទោសនេះ គឺពុំបានផ្តល់យុត្តិធម៌ដល់កូនក្តីខ្លួនដែលជាដើមបណ្តឹងរដ្ឋប្បវេណីឡើយ ពីព្រោះជនជាប់ចោទ ជា នុសិទ្ធ បានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ដល់ទៅ ០៣ (បី) លើកឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី តែបែរជាទទួលបានការបន្ធូរបន្ថយពីសំណាក់ចៅក្រមដោយការព្យួរទោសទៅវិញ។
ជាមួយគ្នានេះលោកមេធាវីបានបញ្ជាក់ទៀតថា លោកនឹងពិភាក្សាជាមួយនឹងកូនក្តីដើម្បីប្តឹងឧទ្ធរណ៍នឹងសាលក្រមខាងលើ ព្រមទាំងសូមស្នើដល់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌខាងលើនេះ ជាការបើកសិទ្ធិឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ជា នុសិទ្ធ ដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់ ដើម្បីជៀសវាងផ្តល់ឱកាសឱ្យជនជាប់ចោទ ដែលអាងខ្លួនជាអ្នកមានអំណាច មានបុណ្យស័ក្តអាចប្រព្រឹត្តបទល្មើសនេះតទៅទៀត ឬបង្កការគំរាមកំហែងដល់ជនរងគ្រោះ៕