(ភ្នំពេញ)៖ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវបានប្រជាពលរដ្ឋថៃ ចូលទៅ Comment នៅលើ Facebook របស់លោក ដោយព្រមានកុំឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសថៃ។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផុសបំផុលនៅតាម Facebook កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ដើម្បីឱ្យអ្នកគាំទ្រខ្លួនចូលរួមសាមគ្គីភាពជាមួយអ្នកប្រជាធិបតេយ្យថៃ ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ។
ប្រជាពលរដ្ឋថៃម្នាក់ឈ្មោះ Lertchai Jangjittin ប្រាប់លោក សម រង្ស៉ី «កុំឱ្យយកប្រជាធិបតេយ្យថៃ មកប្រៀបជាមួយកម្ពុជា ដែលមានប្រជាធិបតេយ្យរួចហើយ»។
ពលរដ្ឋថៃម្នាក់នេះ បាន Comment ព្រមានលោក សម រង្ស៉ី ជាភាសាថៃ ដែលមានន័យបកជាភាសាខ្មែរយ៉ាងដូច្នេះថា៖ «ចង់ធ្វើនាយករដ្ខមន្រ្តីគឺទៅឈឈ្មោះបោះឆ្នោត អ្វីដែលអ្នកស្រែករឿងប្រជាធិបតេយ្យ ព្រោះអ្នកចង់ធ្វើជានាយករដ្ឋមន្រ្ដី តែផ្ទុយទៅវិញគឺបែជាសាងបញ្ហាឱ្យអ្នកប្រជាធិបតេយ្យថៃ មានជំលោះជាមួយរដ្ឋាភិបាលកម្ពុជា បើចង់ជំរុញប្រជាធិបតេយ្យនៅថៃ សូមកុំមកជ្រៀតជ្រែកកិច្ចការនយោបាយរបស់ប្រទេសថៃគឺល្អបំផុត»។
សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ក្រុមបាតុកររាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា និងជាអតីតមេដឹកនាំយោធាផងនោះ លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថ្មីព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។
បាតុកម្មកាន់តែឡើងកម្តៅពីមួយថ្ងៃទៅមួយ ដែលធ្វើឱ្យរដ្ឋាភិបាលថៃ ត្រូវបង្ខំចិត្តប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំបែកហ្វូងបាតុករ និងរារាំងដល់ការប្រមូលផ្តុំរបស់ពួកគេ៕