(បាត់ដំបង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារនិវត្តន៍ជន និងជនពិការដោយសារមីន ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅមណ្ឌលអភិវឌ្ឍន៍ស៉ីម៉ាក់មរតកតេជោ ឃ្មុំឆ្លាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។
លោក ហេង រតនា បានផ្តាំផ្ញើការសាកសួរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានចូលរួមសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ និងដំណាំកសិកម្មមួយចំនួន ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនេះ។
លោកអគ្គនាយកបានអំពាវនាវដល់បងប្អូន សូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅគ្រាដែលមានជំនន់ទឹកភ្លៀងនេះ ដែលអាចឲ្យគ្រាប់មីនអណ្តែតឡើង ឬហូរតាមទឹកជាដើម។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ខ្ជាប់នូវការអនាម័យ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឲ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត។
លោកក៏អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះ ឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
អំណោយដែលចែកជូននោះក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី២យួរ និងថវិកាមួយចំនួន៕