(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដា្រចារ្យ ងី ម៉េង បានថ្លែងការដឹងគុណ និងសប្បាយចិត្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែឧបត្ថម្ភគាំទ្រ អភិវឌ្ឍដល់មន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដើម្បីលើកកម្ពស់សេវាព្យាបាលសុខភាព ជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតបានថ្លែងបញ្ជាក់ថា «ក្រោមការគាំទ្រពីក្រសួងសុខាភិបាល ជាពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិឌ្ឍវិស័យសុខាភិបាល បច្ចុប្បន្ននេះនៅមន្ទីរពេទ្យយើង អភិវឌ្ឍទាំងធនធានមនុស្សគ្រូពេទ្យរបស់យើង ដោយបណ្ដុះបណ្ដាលជំនាញគ្រប់ផ្នែកទាំងអស់។ ជាក់ស្ដែងនៅពេលនេះ យើងបានពង្រីកកែលម្អ ដោយបំពាក់បន្ថែមនូវឧបរកណ៍សម្ភារផ្សេងៗបែបទំនើបកម្ម ចំណាយសរុប ប្រមាណ១០ម៉ឺនដុល្លារ។ មន្ទីរពេទ្យបានត្រៀមថវិកាជិត៥០ម៉ឺនដុល្លារ ដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ទិញបំពាក់សម្ភារបរិក្ខារពេទ្យទំនើបជាច្រើនទៀត»។
លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងថ្លែងបន្ដថា អគារឆ្លុះ ក្រពះ ពោះវៀន ដាក់បានដំណើរជាថ្មីចាប់ផ្ដើមពីដើមសប្ដាហ៍នេះ មានចំនួន៥៨គ្រែ។ ជារៀងរាល់ថ្ងៃ អ្នកជំងឺប្រហែលជាង២០០នាក់ មកពិនិត្យព្យាបាល ក្នុងនោះអ្នកជំងឺដែលមកឆ្លុះក្រពះ ពោះវៀន ប្រហែល២០នាក់, អ្នកជំងឺមកសម្រាកព្យាបាលយ៉ាងតិចជិត៦០-៧០នាក់ និងអ្នកមកពិនិត្យពិគ្រោះជំងឺក្រៅជិត១០០នាក់ក្នុងមួយថ្ងៃ។ ដូចនេះ ទើបយើងគិតថា នេះជាពេលនៃការអភិវឌ្ឍពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការផ្ដល់សេវា។
លើសពីនោះ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ក៏បានអភិវឌ្ឍទៅលើផ្នែកផ្សេងៗផងដែរ មានផ្នែកព្យាបាលជំងឺបេះដូង ដោយបានបំពាក់ឧបករណ៍ទំនើបៗបន្ថែមទៀត នៅអគារមនុស្សចាស់ ដែលនឹងដាក់សម្ពោធនៅខែវិច្ឆិកាឆាប់ៗនេះ រួមទាំងផ្នែកជំងឺផ្សេងទៀត ដូចជា ផ្នែកតម្រងនោម លាងឈាម ផ្នែកធ្មេញ ជាដើម។
ក្រៅពីនោះ ក៏ជួសជុលអគារថ្មីសម្រាប់ព្យាបាលជំងឺកូវីដ១៩ VIP ដែរបំពាក់ឧបករណ៍ទំនើបៗ ដែលឧបត្ថម្ភថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ។ មន្ទីរពេទ្យនឹងបន្ដអភិវឌ្ឍបន្ដិចម្ដងៗ ឱ្យស្របទៅតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ស៊ាង ហួង បានថ្លែងផងដែរថា «ការអភិវឌ្ឍទាំងអគារថ្មី និងសម្ភារបរិក្ខារពេទ្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់»។
លោកសាស្ដ្រាចារ្យថ្លែងបន្ដថា នេះជាមោទនភាពមួយ ដែលមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលពង្រីកទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារពេទ្យទំនើប ជាមួយគ្រូពេទ្យេឯកទេស ។ក្រៅពីនេះមន្ទីរពេទ្យនេះ បានទទួលសេវាព្យាបាលជំងឺកូវីដ១៩ ដែលជាការងារមួយដ៏ធំសម្រាប់ប្រទេសយើង ក៏ដូចជាសកលោកដែរ៕