(ភ្នំពេញ)៖ លោកស្រី ត្រឹង ងា មានឈ្មោះដើម ឡាយ ហ៊ុនគី ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់គោរមងារជា «កិត្តិបណ្ឌិតផ្នែកអក្សរសាស្រ្ត»។ លោកស្រីជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ។ នេះយោងតាមសេចក្តីសម្រេចរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។
ឈ្មោះ «ត្រឹង ងា» ការពិតគឺជាឈ្មោះប្តីរបស់គាត់ទេ ឈ្មោះពិតប្រាកដរបស់គាត់ គឺឈ្មោះ «ឡាយ ហ៊ុនគី» គឺប្រាកដណាស់អ្នកទាំងអស់គ្នាពុំដែលបានឃើញមុខរបស់គាត់ទេ ប៉ុន្តែពេលនេះយើងបានស្គាល់មុខគាត់ហើយ ។ សម្រាប់ស្នាដៃរបស់គាត់វិញ យើងបានឃើញយ៉ាងច្រើននៅក្នុង សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី)។
ប្រវត្តិត្រួសៗរបស់អ្នកស្រី ត្រឹង ងា (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង។
ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ, ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី។
នៅថ្ងៃទី ២៤ កក្កដា ១៩៩០ (យោងសៀវភៅអត្តលេខបុគ្គលិកសិក្សាសាលាមធ្យមសិក្សាកម្រិត២ មង្គលបូរី របស់អ្នកស្រី អុង យក់ជី ហៅអ្នកគ្រូ យក់គឺ) និងសៀវភៅកម្រងអនុស្សាវរីយ៍១៩៨៣ របស់ ឡាយ ហ៊ុនគី សាស្ត្រាចារ្យបរិញ្ញាមង្គលបូរី។
កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ អ៊ុង ចាន់សោភា បានបង្ហោះសារ និងរូបភាពលាយឡំដោយក្តីរំភើប ព្រោះម្ចាស់ហ្វេសប៊ុករូបនេះបានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្រី ត្រឹង ងា ដែលជាម្ចាស់សៀវភៅ «អរិយធម៌ខ្មែរ»។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បាន បញ្ជក់សារខ្លះៗថា៖
«ទីបំផុត ខ្ញុំបានជួបសម្ភាសន៍ អ្នកស្រី ត្រឹង ងា (ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ។ សៀវភៅនេះបានបោះពុម្ភ តាំងពីឆ្នាំ១៩៧៤ ហើយបានប្រើប្រាស់ និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធអប់រំ។ អ្នកគ្រូអាយុ ៨៤ឆ្នាំហើយ។ ស្វាមីអ្នកស្រី លោក ត្រឹង ងា ក៏ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម»៕