(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំឭកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ឱ្យកុំភ្លេចអំពីសុខភាព និងសុវត្ថិភាពថា គ្រោះទឹកជំនន់ គឺជាបញ្ហាប្រឈមមួយហើយ ប៉ុន្តែរាជរដ្ឋាភិបាល តែងតែជួយអន្តរាគមន៍នូវរាល់បញ្ហាជីវភាពរបស់បងប្អូន ដូចជាតាមរយៈការផ្តល់អំណោយសង្គ្រោះបន្ទាន់នានា និង តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាដើម ប៉ុន្តែចំពោះបញ្ហសុខភាព និងសុវត្ថិភាព គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយ ជាពិសេសក្នុងដំណាក់កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺបងប្អូនត្រូវតែរក្សាសុខភាព និងសុវត្ថិភាព របស់បងប្អូនផ្ទាល់ខ្លួន ក៏ដូចជាសុខភាព និងសុវត្ថិភាពគ្រួសារឱ្យបានល្អ ចៀសវាងនូវកាប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដោយប្រការណាមួយ។
លោក វង សូត បានលើកឡើងបែបនេះ នៅក្នុងឱកាសនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ និងនាំយកអំណោយចែកជូនដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ចំនួន ៣០០គ្រួសារ នៅក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង រៀបចំឡើងនៅក្នុងវត្ត ជ្រោយស្តៅ ស្ថិតនៅក្នុងភូមិ ជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អំណោយទាំងនេះ មាននដូចជា អង្ករ មី ក្រមា ភួយ មុង និងថវិកាជាដើម សរុបជាទឹកប្រាក់មួយម៉ឺនដុល្លារអាមេរិក។
ចំពោះបញ្ហាសុខភាពលោក រដ្ឋមន្ត្រី វង សូត បានបន្ថែមថា គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យកន្លែងរស់នៅ អនាម័យចំណីអាហារ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ បរិភោគទឹកស្អាត ទឹកដាំពុះ ទទួលទានដំណេកក្នុងមុង ជាដើម។
បន្ថែមពីលើនេះលោក វង សូត បានក្រើនរំឭកឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដូចគ្រោះបាក់ដី គ្រោះទឹកហូរកួច សត្វអសិរពិស ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត និង គ្រប់ពេលវេលាចំពោះកុមារ ពីព្រោះថា មនុស្សចាស់ភ័យខ្លាចនឹងទឹកជំនន់ ប៉ុន្តែកុមារ មិនខ្លាចទឹកជំនន់ទេថែមទាំងសប្បាយ នឹងទឹកជំនន់ទៀតផង ហេតុនេះមិនត្រូវទុកកុមារឱ្យនៅម្នាក់ឯង ឬ បណ្តោយឱ្យកុមារលេងទឹកឡើយ ពីព្រោះវាសុទ្ធតែអាចបណ្តាលឱ្យមាន គ្រោះថ្នាក់ជាយថាហេតុ ដែលអាចនាំឱ្យមានការសោកស្តាយ។
ក្រៅពីបញ្ហាសុខភាព និងសុវត្ថិភាព ដែលអាចកើតមានឡើងដោយសារគ្រោះទឹកជំនន់នេះទៅ លោក វង សូត ក៏បានក្រើនរំឭក ដល់ប្រជាជនទាំងអស់ ឱ្យកុំភ្លេចការពារនូវការឆ្លងជំងឺកូវីដ១៩ ដែរ ព្រោះថា បើទោះបីជាកំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់នេះក្តីក៏កម្ពុជា មិនទាន់មានសុវត្ថិភាពទាំងស្រុង ពីជំងឺកូវីដ១៩ នៅឡើយទេ។
បន្ទាប់ពីពិធីប្រគេន-ប្រគល់ និងទទួលទេយ្យទាន និងអំណោយនេះទៅ លោករដ្ឋមន្ត្រី វង សូត និងប្រតិភូ, តំណាងស្ថាប័នជាតិ និងអន្តរជាតិ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យមើលស្ថានភាពប្រជាជននៅតាមផ្ទះ ដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំ ជ្រោយស្តៅនេះ និង ពិនិត្យមើលអំពីដំណើរការនានាពាក់ព័ន្ធ នឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ផងដែរ៕