(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូក្រសួង និងដោយមានការ ចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះចែកអំណោយជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២០០គ្រួសារនៅឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ការលើកឡើងក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើសាកសួកសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកជំនន់ ជាពិសេសត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរខេត្តបាត់ដំបង ត្រូវតាមដានឱ្យទាន់សភាពការណ៍ទឹកជំនន់ ដើម្បីជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយសម្រាប់ពលរដ្ឋដែល បានជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចហើយ ត្រូវដានពីសុខភាពរបស់ពួកគាត់ដើម្បីត្រៀមជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ក្នុងករណីមានជំងឺ ហេតុការណ៍ណាមួយ ជាពិសេសត្រូវចុះចែកស្បៀងអាហារឱ្យបានគ្រប់គ្រាន់ផងដែរ។
សូមជម្រាបថា សម្រាប់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានមី១កេស និងត្រីខ ១យួរ និងបានប្រគល់តង់ចំនួន១០០តង់ ដល់អាជ្ញាធរខេត្ត ដើម្បីទុកប្រគល់ជូនពលរដ្ឋរងគ្រោះផងដែរដោយឡែកសម្រាប់មួយគ្រួសារដែលទើបសម្រាលកូន ទទួលបានថវិកាបន្ថែមចំនួន១០០$ ផងដែរ៕