(កំពង់ធំ)៖ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការសង្គ្រោះការខូចខាតកំណាត់ផ្លូវជាតិលេខ៦ កម្លាំងប្រតិបត្តិការប្រមាណ៣៥០នាក់ ដឹកនាំដោយលោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានយកបេខ្សាច់បិទទប់ទឹកការពារ ទឹកហូរច្រោះដាច់ផ្លូវជាតិលេខ៦ ត្រង់ចំណុចកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
កម្លាំងសហប្រតិបត្តិការ ក្នុងនោះមានមកពីអង្គភាពចំណុះ ឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ១០០ នាក់ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ចំនួន១៥០នាក់ និងកម្លាំងអង្គភាព កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ១០០នាក់ រួមជាមួយមន្ត្រីមន្ទីរសាធារណការខេត្តកំពង់ធំ ក្រោមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត ដោយបានចុះទប់ស្កាត់ ការពារការហូរច្រោះរបស់ជំនន់ទឹកភ្លៀង ចាប់ពីម៉ោង៣ទៀបភ្លឺ ដល់ម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនេះដែរលោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បាននាំយកទឹកសុទ្ធមកឧបត្ថម្ភជូនកម្លាំង ដែលកំពុងតែប្រតិបត្តិការ បិទការពារទឹកហូរច្រោះ នៅផ្លូវជាតិនៃ៦ បន្ទាប់មកអភិបាលខេត្ត ក៏បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹកជំនន់ នៅបណ្ដាលស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរ ជំនន់ទឹកភ្លៀងបានហូរកាត់ថ្នល់ នៅចំណុខាងលិចទីរួមស្រុកស្រុកស្ទោង ប្រមាណ២គីឡូម៉ែត្រ ក្នុងនោះ ក៏ពុំទាន់ឃើញមានរបាយការណ៍ ជាក់លាក់ណាមួយ ដែលបញ្ជាក់ថា មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដោយសារទឹកជំនន់ទឹកភ្លៀងនេះឡើយ។
រីឯចំណុចទីតាំង ដែលកម្លាំងទាំងបីប្រភេទ បានធ្វើការបិទដោយបេខ្សាច់ តាមចិញ្ចើមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាចនេះ បានទប់ស្កាត់ទឹកមិនឲ្យហូរកាត់ថ្នល់ បានទាន់ពេលវេលា ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ នៅក្នុងស្រុកស្ទោង។
ក្រោមការយកចិត្តទុកដាក់យ៉ាងមមាញឹក របស់អភិបាលខេត្ត បានចេញបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន អាជ្ញាធរស្រុកភូមិឃុំទូទាំងខេត្ត តាមដានសភាពការណ៍ ទឹកជំនន់ទឹកភ្លៀងនេះ ឲ្យបានម៉ត់ចត់ ដើម្បីត្រៀមជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រឈមនឹងលិចលង់ និងគ្រោះថ្នាក់ដោយសារទឹកជំនន់នេះ៕