(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត NUM ជិត៥ពាន់នាក់ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែទម្រង់ការអប់រំបានល្អ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីបងប្អូនប្រជាពលរដ្ឋលើវិស័យអប់រំនៅកម្ពុជា។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៤,៩០១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតដែលនឹងទទួលបានសញ្ញាបត្រនាពេលនេះ រួមមាននិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ និងទី២០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥, ១៦ និងថ្នាក់បណ្ឌិតជំនាន់២៕