(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ប្រជាកសិករ ឲ្យចិញ្ចឹមសត្វ និងដាំដំណាំ តាមលក្ខណៈបច្ចេកទេស របស់មន្ត្រីជំនាញកសិកម្ម ដើម្បីបង្កើនមុនខរបរ ក្នុងទិសដៅលើកស្ទួយកម្រិតជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ ជាសមាជិកបណ្ដុំអាជីវកម្ម ចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជូនកសិករចំនួន១១៧គ្រួសារ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យបងប្អូនទាំងអស់ នៅក្នុងសហគមន៍ ខិតខំប្រឹងប្រែងទទួលយកនូវអ្វី ដែលជាការបណ្ដុះបណ្ដាល របស់មន្ត្រីជំនាញផ្នែកកសិកម្ម យកមកអនុវត្ត ទៅតាមបច្ចេកទេសថ្មីៗ ធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ដែលពួកគាត់បានណែនាំ ដើម្បីឲ្យបងប្អូនទទួលបានការផលិតកសិផល ទទួលបានទិន្នផលខ្ពស់។ ម្យ៉ាងទៀតនៅពេលដែលបងប្អូនប្រជាកសិករ អនុវត្តទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ នោះនឹងចំណាយថ្លៃដើមអស់តិច នឹងមិនភ័យព្រួយរឿងទីផ្សារ ពោល គឺមានដៃគូចាំទទួលទិញ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដងទន្លេ មានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ និងត្រូវចេះតាមដាន កម្ពស់ទឹកផងដែរ។ លោកបន្តថា កម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គមានកម្ពស់១១.៦៨ម៉ែត្រ ហើយកម្ពស់ទឹក ក្នុងកម្រិតប្រកាសអាសន្ន ធ្វើឲ្យប៉ះពាល់ដល់តំបន់បង្កបង្កើតផលនោះ គឺកម្ពស់១៥.២០ម៉ែត្រ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះស្ថានភាពទឹកទន្លេមេគង្គជារៀងរាល់ឆ្នាំ តែងតែបានស្រក បើគិតមកត្រឹមពាក់កណ្តាលខែតុលានេះ ប៉ុន្តែឆ្នាំនេះ ទឹកនៅឡើងទៅវិញ បណ្ដាលមកពីការបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាក៏ដោយ នៅខេត្តផ្សេងៗ មួយចំនួន មកដល់ពេលបច្ចុប្បន្ននេះ កំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែសម្រាប់ខេត្តកំពង់ចាម មិនទាន់មានប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងទេ។ គ្រាន់តែមានផលប៉ះពាល់បន្តិចបន្តួច មិនបង្កឲ្យខូចខាតដំណាំនោះទេ ផ្ទុយទៅវិញ នៅតំបន់ខ្លះដោយសារជំនន់ទឹកភ្លៀងឆាប់ស្រក បែជាធ្វើឲ្យដំណាំស្រូវពួកគាត់ដុះលូតលាស់បានល្អទៅវិញ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះ អាជ្ញាធរខេត្តកំពង់ចាម បានចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករ មានដូចជាកសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹមគោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ៕