(ភ្នំពេញ)៖ ថ្នាក់ដឹកនាំអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមិត្តនគរបាលថ្មីជាង១០០នាក់ ដែលបម្រើការងារចាប់តាំងពីឆ្នាំ១៩៩៥-២០២០ បានរៀបចំពិធីគំរប់ខួប ២៥ឆ្នាំ ដើម្បីរំឮកអនុស្សាវរីយ៍ និងរឹតចំណងមិត្តភាព រវាងអតីតមន្ត្រីចាស់ និងមន្ត្រីនគរបាលបច្ចុប្បន្ន។
ក្រៅពីនោះ កម្មវិធីជួបជុំឆ្នាំ១៩៩៥-២០២០ នឹងផ្តល់ឱកាសដល់អតីតមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមន្ត្រីនគរបាលបច្ចុប្បន្ន បានមកជួបជុំគ្នាជាថ្មី ដើម្បីរឹតចំណងមិត្តភាពគ្នាផងដែរ។ ការជួបជុំគ្នានាពេលនោះ ក៏មានការពិសាភោជនាហា ថ្ងៃត្រង់រួមគ្នាជាមួយអតីតមន្ត្រីនគរបាល និងមន្ត្រីនគរបាលបច្ចុប្បន្ន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
អនុសេនីយ៍ឯក ឌុច ដួងសេរីមករា បានឱ្យដឹងថា ការរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងទី១៖ រំឮកអនុស្សាវរីយ៍ និងរឹតចំណងសាមគ្គី ក្នុងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រវាងបងប្អូនជំនាន់ក្រោយ និងរាមច្បងជំនាន់មុនៗ ដែលមួយចំនួនបានចូលនិវត្តន៍ មួយចំនួនផ្លាស់ទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងទី២៖ រួមសុខទុក្ខជាមួយគ្នា និងជួយឧបត្ថម្ភតាមលទ្ធភាពដល់បងប្អូនណាដែលជួបនូវការលំបាកផ្សេងៗ។
ជាមួយគ្នានេះដែរ អនុសេនីយ៍ឯក ឌុច ដួងសេរីមករា បានបន្តថា ការរៀបចំកម្មវិធីនេះ បានឱ្យអតីតមន្ត្រីនគរបាលចាស់ និងថ្មី ដែលបានបែកគ្នាជាង២៥ឆ្នាំមកនេះ បានជួបជុំគ្នាប្រកបដោយក្តីនឹករលឹក និងសប្បាយរីករាយ យ៉ាងខ្លាំងផងដែរ។
ក្នុងឱកាសនោះដែរ តាងនាមឱ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលបម្រើការងារចាប់ពីឆ្នាំ១៩៩៥-២០២០ អនុសេនីយ៍ឯក ឌុច ដួងសេរីមករា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយា ដែលបានឧបត្ដមនូវទឹកប្រាក់ចំនួន ៥លានរៀល ដល់កម្មវិធីជួបជុំគំរប់២៥ឆ្នាំ របស់នគរបាលព្រហ្មទណ្ឌកំរិតស្រាល ១៩៩៥-២០២០ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះផងដែរ។
នាឱកាសជួបជុំគំរប់ខួប២៥ឆ្នាំ របស់មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនេះដែរ មន្ត្រីនគរបាលក៏បានជួយឧបត្ថម្ភថវិកាជូនមន្ត្រីនគរបាលរួមលអាជីពដែលបានចូលនិវត្តន៍ចំនួន ០៩នាក់ ដើម្បីទុកសម្រាប់ព្យាបាលជំងឺផងដែរ៕