(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានជួយសម្របសម្រួលជូនពលករខ្មែរចំនួន២៧នាក់ ដែលបានបញ្ចប់កិច្ចសន្យាការងារ នៅក្នុងរោងចក្រវាយនភណ្ឌចំនួន០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី ឱ្យត្រលប់មកប្រទេសកម្ពុជាវិញ។ នេះយោងតាមសេចក្តីព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ប្រជាពលរដ្ឋខ្មែរទាំង២៧នាក់ បានត្រឡប់មកកម្ពុជាវិញ តាមរយៈជើងយន្តហោះរបស់ក្រុមហ៊ុមអាកាសចរណ៍ Qatar Airways លេខ QR401 ចាកចេញពីទីក្រុង Amman ប្រទេសហ្ស៊កដានី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩៖៤០ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកាតា និងប្រទេសកូរ៉េ ហើយបានមកដល់កម្ពុជា តាមជើងយន្តហោះ Korean Air លេខ KE ៦៨៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២២៖១០។
គួរឱ្យកត់សម្គាល់ផងដែរ ស្ថានឯកអគ្គរាជទូតបានជួយសម្របសម្រួលជូនពលរដ្ឋខែ្មររស់នៅប្រទេសហ្ស៊កដានី បានចំនួន០៣លើក សរុបចំនួន ៨៤នាក់ ឱ្យបានវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព៕