(កោះកុង)៖ ឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ថា ដោយអនុវត្តតាមបញ្ជា របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរជាតិ កម្លាំងនគរបាលខេត្តកោះកុង បានត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិ ក្នុងពេលជំនន់ទឹកភ្លៀងកើតឡើង បើសិនកើតមានឡើងក្នុងខេត្តកោះកុង ឬខេត្តនានា ដែលរាជរដ្ឋាភិបាលត្រូវការកម្លាំង ជំនួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តផ្សេង ដែលកំពង់រងគ្រោះ។
ឧត្តមសេនីយ៍ គង់ មនោ បានបន្តថា កម្លាំងនគរបាលខេត្ត និងកម្លាំងអធិការនៅតាមបណ្តាស្រុកនិមួយៗ ត្រូវបានប្រមូលផ្តុំប្រចាំការ២៤ម៉ោង លើស២៤ម៉ោង ចុះក្តាប់សភាពការណ៍ជាប់ជាប្រចាំ តាមមូលដ្ឋាន ជាពិសេសនៅតាមបណ្តាស្រុក ដែលមានដងព្រែកដែលមានទឹកហូរ មកពីជ្រោះអូរតាមជ្រលងភ្នំ ពិសេសនៅតាមបណ្តោយក្រោមទំនប់វារីអគ្គសនី តាតៃ, ឬស្សីជ្រុំ, គីរីរម្យ២ បើសិនមានហេតុការណ៍អ្វីមួយ ខុសពីប្រក្រតីត្រូវរាយការណ៍មកថ្នាក់លើជាបន្ទាន់ ដើម្បីលោកនិងបញ្ជេញកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋជាបន្ទាន់។
លោកស្នងការបានបន្តថា ចំពោះសម្ភារដែលត្រៀមជួយអន្តរាគមន៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជា៖ រថយន្ត, អូប័រម៉ូតូមានពោង, អាវភ្លឿង អាវពោង លោកបានត្រៀមលក្ខណៈជាស្រេច ដល់កងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ខ្លាចមានជំនន់ទឹកភ្លៀងដែលកើតឡើងដោយឧប្បវហេតុ ពីព្រោះសម្ពាធនៃអាកាសធាតុទាបនេះ ដោយការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយមថា មានព្យុះទី១៧ នឹងមកដល់កម្ពុជា នឹងមានភ្លៀងធ្លាក់ទូទាំងខេត្ត នឹងអាចប៉ះពាល់ខ្លាំងព្យុះ និងរលកសមុទ្រធំៗ នៅថ្ងៃទី១៨-១៩។
លោកបានបញ្ជាក់ថា កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តកោះកុង មានការហ្វឹកហ្វាត់ជំនាញក្នុងជួយសង្គ្រោះ បានយ៉ាងស្ទាត់ជំនាញ៕