(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការនៃសាលាខណ្ឌឫស្សីកែវ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ភូមិបឹងឈូក បានមូលមតិគ្នាជាឯកឆ្ឆ័ន្ធ ក្នុងការប្រារព្ធពិធីអង្គកឋិនទាន (សាមគ្គី) ដើម្បីដង្ហែរទៅប្រគេនដល់ព្រះសង្ស ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមានៃទីអារាម សម្រាប់ការកសាងព្រះវិហារ និងសមិទ្ធផលនានា (ក្នុងវត្តកោះមេត្តាពោធិ៍វង្ស) ស្ថិតនៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ នេះជាការថ្លែងរបស់លោក ជា ពិសី។
ក្រៅផ្ដួចផ្ដើមបុណ្យក្រោមការដឹកនាំពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ និងភរិយាលោកស្រី អាន ផល្លា ក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ ប្រធានសមាគមន៍នារីខណ្ឌ និងលោក-លោកស្រីអភិបាលរងខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌនានា, លោក-លោកស្រីចៅសង្កាត់ទាំង៧ និងតាមបណ្ដាភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ការផ្ដួចផ្ដើមកម្មវិធីបុណ្យអង្គកឋិនទាន (សាមគ្គី) នេះ, បើតាមលោក ជា ពិសី គឺបានប្រារព្វឡើង ក្នុងគោលបំណងដើម្បីសាងកុសលផលបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយទៀត ដែលជាពិធីបុណ្យមួយត្រូវបានប្រជាពលរដ្ឋខ្មែរ សាសនាព្រះពុទ្ធ គោរពធ្វើឡើងតៗគ្នារហូតពីជំនាន់មួយទៅជំនាន់មួយ តាមទំនាមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមក។
លោក ជា ពិសី ថាបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ ប្រជាពលរដ្ឋប្រុសស្រីសប្បាយនឹងការធ្វើបុណ្យទាន រួមទាំងពិធីបុណ្យផ្សេងៗ ដែលជាទំនាមទម្លាប់របស់ដូនតា ជាពិសេសសម្តេចតេជោ បានធ្វើឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះវិស័យព្រះពុទ្ធសាសនា និងបានដើរទទឹមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ ដូចជាវត្តអារាម អាស្រម និងទីកន្លែងបូជាស្ការៈផ្សេងៗ មានវត្ត និងព្រះវិហារ ជាដើម។
សូមជម្រាបថា កម្មវិធីបុណ្យអង្គកឋិនទានរបស់សាលាខណ្ឌឫស្សីកែវនេះ និងចាប់ផ្ដើមរៀបចំឡើង នាថ្ងៃ ពុធ១២កើត ខែកក្ដឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤៖០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទភ្ញៀវកិត្តិយសជិតឆ្ងាយ ប្រារព្ធពិធីថ្វាយក្រុងពាលី ធ្វើបទនមស្សការព្រះរតនៈត្រ័យនិមន្ដព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនានៅសាលាខណ្ឌ។ លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍១៣កើត ខែកក្ដឹក ត្រូវនិងថ្ងៃទី២៩ ខែឆ្នាំដដែល វេលាម៉ោង០៨៖០០នាទី រៀបចំដង្ហែរអង្គកឋិនទានសាមគ្គី ចេញពីសាលាខណ្ឌ ទៅវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងព័ទ្ធសីមា (វត្តកោះមេត្តាពោធិវង្ស)។ វេលាម៉ោង០៩៖២៩នាទី ដង្ហែរអង្គកឋិនទានសាមគ្គី៣ជុំឧបដ្ឋានសាលា រួចវេរប្រគេនព្រះសង្ឃដើម្បីក្រាលគ្រង។ វេលាម៉ោង១០៖២៩នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក-លោកស្រី ពុទ្ធបរិស័ទទាំងឡាយ មេត្តាជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
គួររំលឹកផងដែរថា បុណ្យអង្គកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយមកទើបទ្រង់អនុញ្ញាតឲ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ «២៩ថ្ងៃ» ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕