(ព្រះវិហារ)៖ លោក មាស ធីបញ្ញា អនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងក្រុមគ្រួសារ ព្រមទាំងសហការី រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទាន ចូលវត្តឧត្តរគីរីជុំសែនជ័យ ហៅវត្តអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ដោយទទួលបានបច្ច័យសម្រាប់តម្កល់កសាងវត្តចំនួន ២៩ ៩០០ ០០០រៀល។
បុណ្យកឋិនទានសាមគ្គីនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្នុងបរិវេណវត្ត ដោយបានជួបជុំពុទ្ធបរិស័ទ្ទមកពីជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលី និងនមសិកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ជាមួយការចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក មាស ធីបញ្ញា ព្រមទាំងពុទ្ធបរិស័ទ បានដឹកនាំអង្គកឋិនទានសាមគ្គីដង្ហែ ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តឧត្តរគីរីជុំសែនជ័យ។
ក្នុងឱកាសនោះលោក មាស ធីបញ្ញា ក៏បាននាំយកអំណោយចែកជូនយាយជីតាជី៦៩នាក់ ដោយម្នាក់ទទួលបានសារុង១ និងថវិកា៥ ០០០រៀល។
សូមជម្រាបថា ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុននា សម័យកាលដែលព្រះពុទ្ធអង្គព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតឱ្យពុទ្ធបរិស័ទ្ទប្រារព្ធពិធីនេះឡើង ដើម្បីនាំយកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ចីវរ និងសង្ឃក្តី ទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។
ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយមោទនៈភាព ជ្រះថ្លាចំពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៏និងការរីកចំរើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ៕