(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅខណ្ឌពោធិ៍សែនជ័យ សប្បាយជាខ្លាំងក្រោយឃើញកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងល្បែង ហ្គេមបាញ់ត្រី និងចាប់ទូហ្គេមច្រើនគ្រឿង ដែលពង្វក់ស្មារតីមនុស្សចាស់ ក្មេងសិស្ស សាលាជាដើមធ្វើឲ្យ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានកាកក់ក្តៅ។
លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ក្រោមបញ្ជាពីលោកអភិបាលខណ្ឌ បានបើកយុទ្ធនាការ ជាបន្តបន្ទាប់ក្នុងការចុះទៅបង្ក្រាបទីតាំងហ្គេមទាំងនេះ មិនឲ្យកើតមានទៀតឡើយ ដែលសកម្មភាពទាំងនេះធ្វើឡើងដើម្បីចូលរួមកាត់បន្ថយបទល្មើសនានាជាពិសេស លួចឆក់ ប្លន់ និងគ្រឿងញៀនជាដើម។
លោកបានបន្តទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ លោកបានដឹកនាំកំលាំងសន្តិសុខសាលាខណ្ឌ ចុះចាប់បង្ក្រាបដោយផ្ទាល់ និងបានរឹបអូសទូហ្គេម ជាច្រើនគ្រឿងនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ លោកអភិបាលរង បានបន្តទៀតថា ចំពោះទូហ្គេមដែលដកហូតទាំងអស់នោះ ត្រូវបានដោះគ្រឿងម៉ាស៊ីន ចេញពីសំបកទូជាបណ្តោះអាសន្ន ចៀសវាងមានជនខិលខូចលួច ដោះយកទៅលក់ដោយប្រការណាមួយ ហើយលោកនឹង រៀបដាក់ចូលក្នុងទូវិញ នៅពេលដែលអាជ្ញាធរយកទៅកម្ទេចចោល ដើម្បីកាត់បន្ថយរាល់បទល្មើស ដែលសង្គមភ័យខ្លាចដូចចោរ លួច ឆក់ ប្លន់ និង អំពើហង្សាជាដើម៕