(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់ចំនួន ១១០គ្រួសារទៀត រស់នៅភូមិចំនួន២ ក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងឱកាសសំណេះសំណាល និងផ្ដល់អំណោយជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់នេះ ព្រមទាំងបានពាំនាំសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ៖
១៖ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
២៖ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
៣៖ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
៤៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៥៖ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទម្លាប់រស់នៅធម្មតាបែបគន្លងថ្មី តាមវិធានការពារ ណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវរក្សាគម្លាតបុគ្គល និងសង្គម ត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូឱ្យស្អាតជានិច្ច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕