(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា បានផ្តល់ស្បៀងអាហារសរុបប្រមាណជា ២ពាន់កេស ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងជូនដល់កងកម្លាំងសង្គ្រោះកំពុងប្រតិបត្តិការនៅក្នុងខេត្តបន្ទាយមានជ័យ។
លោក គីម សុផារុន និងលោក គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលយកស្បៀងអាហារទាំងអស់នេះ ហើយបានចាត់ចែងជូនកងកម្លាំងសង្គ្រោះដែលកំពុងប្រតិបត្តិការនៅតាមគោលដៅរងការជន់លិច។
អំណោយជាស្បៀងអាហារនេះ ត្រូវបានប្រគល់ទៅបញ្ជាការដ្ឋានកងទ័ពពិសេសរបស់លោកឧត្តមសេនីយ៍ឯក ចាប ភក្តី, កងពលតូចថ្មើរជើង និងតំបន់ប្រតិបត្តិការសឹកខេត្តបន្ទាយមានជ័យ។ អង្គភាពទាំង៣នេះ ក្នុងមួយអង្គភាពទទួលបានមីចំនួន ២០០កេស, ភេសជ្ជៈខារ៉ាបាវ ១០០កេស និងត្រីខ ៧កេសធំ។
ក្នុងឱកាសទទួលអំណោយស្បៀងអាហារនេះ លោក សុខ ស្រេង និង លោកស្រី ស្រូយ ធីតា បានចូលរួមចំណែកជួយឧបត្ថមជាថវិកាចំនួន ២០លានរៀលផងដែរ ដើម្បីជួយផ្គត់ផ្គង់ដល់ក្រុមការងារគណៈកម្មាធិការជាតិ។ បន្ថែមពីលើនោះ អង្កការការីតាសកម្ពុជា បានផ្តល់តង់ចំនួន ២៥០តង់សម្រាប់ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ចំនួន ២៥០តង់ផងដែរ។
លោក គីម សុផារុន និង លោក គីម វីរៈ តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម បានយកតង់នេះទៅចែកជូនដល់ខេត្ត និងកងសង្គ្រោះបានរួចរាល់។ បន្ទាប់ពីប្រគល់ និងទទួលហើយនោះ លោក គីម សុផារុន និងលោក គីម វីរៈ បានរៀបចំ និងប្រក់តង់ជូនពលរដ្ឋរងគ្រោះ ធ្វើយ៉ាងណាឱ្យពួកគាត់មានសុវត្ថិភាព និងជៀសផុតពីជំងឺផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ឯក ឌីវិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ដែលតែងយកចិត្តទុកដាក់ និងតម្កល់ទុក្ខលំបាក ព្រមទាំងផលប្រយោជន៍ របស់ប្រជាពលរដ្ឋរងគ្រោះជាធំ និងដោះស្រាយបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា លោកស្រី ហ៊ុន ម៉ាណា គឺជាកុលធីតាខ្មែរពោរពេញដោយបេះដូងមនុស្សធម៌។ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកាយវិការមនុស្សធម៌របស់លោកស្រី ហ៊ុន ម៉ាណា សម្រាប់សង្គមកម្ពុជា។ ជាពិសេសក្នុងវិបត្តិបង្កដោយជំនន់ទឹកភ្លៀងនាពេលនេះ លោកស្រី ហ៊ុន ម៉ាណា មិនត្រឹមតែជាជួយប្រជាពលរដ្ឋប៉ុណ្ណោះទេ តែលោកស្រី បានប្រឹងប្រែងអស់លទ្ធភាពជួយដល់កងកម្លាំងសង្គ្រោះផងដែរ។
ជួសមុខឱ្យកងកម្លាំងទួលបានជំនួយនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណលោកឧត្តសេនីយ៍ ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលជានិច្ចកាលគាំទ្រដល់សកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតែងជួយពលរដ្ឋរងគ្រោះ៕