(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរងការជន់លិចផ្ទះសម្បែង ផលដំណាំផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ បើទោះបីត្រូវរងារ និងពិបាកចិត្តដោយសារទឹកជំនន់នេះយ៉ាងណាក្តី ក៏ពួកគេហាក់មានអារម្មណ៍កក់ក្តៅឡើងវិញផងដែរ ពេលឃើញអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចុះជួយពួកគេយ៉ាងសស្រាក់សស្រាំ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
បន្ទាយមានជ័យ ជាខេត្តមួយកំពុងរងការវាយប្រហារធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងនេះផងដែរ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រុង/ស្រុកចំនួន ៦រងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១៥០០០គ្រួសារ និង ២,៧០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ឆ្លើយនឹងបញ្ហាចំពោះមុខកើតចេញពីជំនន់ទឹកភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាដល់អាជ្ញាធរទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមកម្លាំងគ្នាចុះជួយប្រជាពលរដ្ឋ។ គោលដៅចម្បងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីទឹកជំនន់ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់មកគឺការរៀបចំស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗជូនដល់ពលរដ្ឋរងគ្រោះទាំងនោះ។
តបនឹងបទបញ្ជារបស់សម្តេចេជោអគ្គមេបញ្ជាការកំពូលនៃសមរភូមិគ្រោះមហន្តរាយនេះ មន្ត្រីថ្នាក់ជាតិ ក្រោមជាតិ អាជ្ញាធរមូលដ្ឋានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តរងការជន់លិច ដោយមានកម្លាំងជំនួយពីកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងនោះ បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុតក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងការជន់លិច។
ក្រៅតែពីការជួយសង្គ្រោះមកកាន់ទីទួលសុវត្ថិភាពហើយនោះ ពលរដ្ឋដែលជម្លៀសត្រូវបានអាជ្ញាធររៀបចំផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ មិនត្រឹមតែពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាពនោះទេ ពលរដ្ឋដែលមានផ្ទះខ្ពស់ៗហើយមិនទាន់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនោះ ក៏ត្រូវបានអាជ្ញាធររៀបចំស្បៀងយកទៅចែកជូនពួកគាត់នៅតាមខ្នងផ្ទះផងដែរ។
សកម្មភាពទាំងអស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះមានការពេញចិត្តខ្លាំង ហើយក៏បានជួយឱ្យពួកគេមានភាពកក់ក្តៅផងដែរ។ អ្នកស្រី ណារិន ប្រជាពលរដ្ឋរស់នៅក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបុរី បានប្រាប់ Fresh News ថា ចាប់តាំងពីទឹកលិចមកអាជ្ញាធរបានចុះជាប់ប្រចាំជួយជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជាស្បៀងអាហារផ្សេងៗ។
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងភូមិនាងកេតម្នាក់ទៀត គឺអ្នកស្រី ដួង ចា ក៏បានមើលឃើញផងដែរថា អាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងកំលុងពេលកើតមានទឹកជំនន់នេះ។
ទាំងអ្នកស្រី ណារិន និងអ្នកស្រី ដួង ចា សុទ្ធតែបានលើកឡើងថា បើទោះបីពួកគាត់ត្រូវលំបាកដោយសារទឹកជំនន់នេះ តែអ្នកស្រីក៏មានភាពកក់ក្តៅនៅពេលមានការយកចិត្តទុកដាក់ និងជ្រោមជ្រែងជួយប្រជាពលរដ្ឋរងគ្រោះពីសំណាក់អាជ្ញាធរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ត្រូវបានគេមើលឃើញថា លោកបានធ្វើដំណើរចុះទៅគ្រប់ខេត្តរងការលិចលង់ ដើម្បីពិនិត្យស្ថានភាពលិចលង់ និងនាំអំណោយចែកជូនជនរងគ្រោះផងដែរ។
នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសស្នាក់នៅ និងដឹកនាំបញ្ជាប្រតិបត្តិការសង្គ្រោះក្នុងខេត្តបន្ទាយមានជ័យ ក៏បានបន្តធ្វើដំណើរចុះត្រួតពិនិត្យការលិចលង់នៅក្នុងខេត្ត ហើយក៏បាននាំអំណោយចែកជូនប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារនៅក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋពីការនឹករលឹក និងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ក្នុងនោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ចែងជាស្បៀងអាហារ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ។
ក្នុងឱកាសចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឱ្យពលរដ្ឋរងការជន់លិចត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រយ័ត្នប្រយែងក្នុងការហូបចុក ដើម្បីបង្ការការកើតជំងឺតម្កាត់ផ្សេងៗ។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិនាងកេត បានថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាអាជ្ញាធរ និងកងកម្លាំងសង្គ្រោះទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ៕