(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីបណ្ឌិតឧកញ៉ា ភូ ពុយ, លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ដែលអញ្ជើញមកពីខេត្តបន្ទាយមានជ័យ និងប្រចាំខេត្តបាត់ដំបង។
សម្រាប់រដូវប្រមូលផលស្រូវដែលមកដល់លោក កៅ ថាច សូមធ្វើការលើកទឹកចិត្ត និងបន្តជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ ពីលទ្ធភាពក្នុងតំលៃសមរម្យ ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ ជាពិសេសស្រូវដែលទទួលរងការលិចទឹក ដោយសារជំនន់ទឹកភ្លៀង។
លោកសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងសហការគ្នាដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយការនាំចេញអង្ករ១លានតោន អោយទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោកអគ្គនាយកបានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្ត ពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលមូលនិធិពិសេសបន្ថែមចំនួន៣០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីន ធ្វើការប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលខាងមុខនេះ។
លោកលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនទាំងអស់ នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌ គុណវុឌ្ឍិរបស់ធនាគារតែប៉ណ្ណោះ។
លោកអគ្គនាយកធ្វើការស្នើសុំអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ រៀបចំបញ្ជីស្នាម អោយមានស្ដង់ដារ និងមានគណនេយ្យភាព។ ហេតុនេះលោកបានស្នើសុំអោយក្រុមហ៊ុនបញ្ជី ធ្វើបទបង្ហាញពីចំណុចសំខាន់ៗ និងលក្ខខណ្ឌផ្សេងៗ ដើម្បីផ្តល់ជាព័ត៌មាន ដល់ម្ចាស់រោងម៉ាស៊ីនផងដែរ។
ជាមួយគ្នានេះ លោកលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីន គួរប្រើប្រាស់កម្មវិធីកត់ត្រាគណនេយ្យ របស់ក្រុមហ៊ុនបញ្ជី ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ដែលជឿទុកចិត្តបាន។
លោកអគ្គនាយកបានស្នើសុំដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ សូមមានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា និងធ្វើការរួបរួមគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ប្រកបដោយវិបុលភាព និងភាពរីកចម្រើន៕