(ភ្នំពេញ)៖ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ២លាន រៀល ជាអំណោយបានមកពីការចូលរួម ព្រះចៅអធិការវត្តសន្សំកុសល បានផ្តល់ជូនសាខាកាកបាទក្រហមខណ្ឌមានជ័យ សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះផ្សេងៗ ។
អំណោយទាំងនេះ ធ្វើពិធីប្រគល់ នៅក្នុងវត្តសន្សំកុសល ក្រោមការចូលរួមទទួលពីលោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងជាអភិបាលរងខណ្ឌមានជ័យ និងមានការនិមន្តចូលរួមប្រគល់ពីព្រះគ្រូចៅអធិការសន្សំកុសល។
ព្រះញាណកោសល យឹម ចំរើន ព្រះចៅអធិការវត្តសន្សំកុសល រួមជាមួយមន្ត្រីគណៈសង្ឃបានមានសង្ឃដីកាថា អំណោយទាំងនេះបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឈនៅក្នុងវត្ត ហើយព្រះសង្ឃបានផ្តល់ជូនបន្តដល់កាកបាទ ក្រហម សាខាកាកបាទក្រហមខណ្ឌមានជ័យ សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្នានទីពឹង និងផ្សេងៗទៀតតាមការងារកាកបាទក្រហម ដោយមិនប្រកានពូជសាសន៍ ពណ៌សប្បុរ និន្នាការនយោបាយឡើយ។
ព្រះតេជគុណបានបន្ថែមថា អំណោយទាំងអស់រួមមាន ថវិកា ២លានរៀល អង្ករ១តោន បន្លង់៥៨ប្រដាប់ ទឹកក្រូច១៦ កេសទឹកសុទ្ធ១៦កេស មី៣០កេស ទឹកត្រី៧យួរ ទឹកស៉ីអ៊ីវ៥យួរ ទឹកដោះគោ១កេះ និងស្ករ១បាវ។
លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំការថ្លែងអំណរអរព្រះគុណដល់ព្រះចៅអធិការវត្តសន្សំកុសល ព្រះសង្ឃ និងពុទ្ធបរិសទ័ទាំងអស់ដែលបានចូលរួមចំណែកក្នុងអាណាចក្រ មានបច្ច័យ គ្រឿងឧបភោគ បរិភោគមួយចំនួនធំនេះ សាខាកាកបាទក្រហមខណ្ឌមានជ័យ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះតាមរយៈ កាកបាទក្រហមកម្ពុជា។
លោក ឌី រ័ត្នខេមរុណ បានចាត់ទុកកាយវិការចូលរួមរបស់ព្រះចៅអធិការវត្តសន្សំកុសល គឺបានជួយដោះស្រាយការលំបាកប្រជាពលរដ្ឋដែលរងគ្រោះនាពេលនេះ ជាកាយវិការដ៏ល្អប្រសើរបំផុតសម្រាប់សង្គមកម្ពុជា។ ពោលកាយវិការនេះ បានបង្ហាញនៅពេលមានទុក្ខ គឺពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីជម្នះរាល់ឧបសគ្គ និងបញ្ហាទាំងឡាយ៕