(ពោធិ៍សាត់)៖ លោកវរសេនីយ៍ឯក ចាន់ តារា អនុប្រធាននាយកដ្ឋានតំណាង ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បាននាំយកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់រដ្ឋបាលសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រចាំច្រកព្រំដែនថ្មដា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សម្រាប់យកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារនគរបាល ដែលទទួលការប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។
លោកវរសេនីយ៍ឯក ចាន់ តារា បានថ្លែងថា ស្ថិតក្នុងស្ថានភាពនៅប្រទេសកម្ពុជា និយាយរួមដោយនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងនោះមានស្រុកវាលវែងផង បានទទួលរងជំនន់ទឹកភ្លៀង ធ្វើឱ្យប្រជាពលរដ្ឋយើងជួបបញ្ហាហានិភ័យ និងជួបកង្វះខាត ស្បៀង។
ដោយមើលឃើញអំពីលក្ខណៈបែបនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់តាំងប្រតិភូនាយកដ្ឋាននគរបាលការពារព្រំដែនគោក បាននាំយកស្បៀង និងគ្រឿងឧបភោគ បរិភោគ គឺសម្រាប់រដ្ឋបាលសាលាស្រុកវាលវែង រួមមាន អង្ករចំនួន១០តោន មី១០៨កេសធំ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ និងត្រីខចំនួន២០កេសធំ និងសម្រាប់អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រចាំច្រកព្រំដែនថ្មដា រួមមានអង្ករ ចំនួន២៥០០គីឡូក្រាម និងមី១០កេសធំ ជាការរួមចំណែកដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
តាមរយៈនេះលោកបាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក លៀង ភារម្យ និងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨២៥ ត្រូវប្រមូលផ្តុំកម្លាំងនៅហ្នឹងកន្លែង លើកកម្ពស់អនាម័យ ដើម្បីចូលរួម បង្ការទប់ស្កាត់អំពីជំងឺឆ្លង ក្រោយពីទឹកស្រក និងត្រៀមអន្តរាគមន៍ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសហការជាមួយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី និងជាមួយប្រទេសជិតខាងឱ្យកាន់តែប្រសើរឡើង។
លោក ហេង សុភាណា អភិបាល នៃគណៈអភិបាលស្រុកវាលវែង ជួសមុខឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋស្រុកវាលវែង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រតិភូនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានផ្តល់នូវអំណោយជាស្បៀង និងគ្រឿងឧបភោគ បរិភោគមកដល់រដ្ឋបាលសាលាស្រុកវាលវែង និងអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ប្រចាំច្រកព្រំដែនថ្មដា។
ទឹកចិត្តសប្បុរសធម៌របស់នាយឧត្តមសេនីយ៍ ស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ ប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលគ្រប់ៗរូប។ លោកអភិបាលនៃគណៈអភិបាលស្រុកវាលវែង បានសន្យាថា នាំយកស្បៀង និងគ្រឿងឧបភោគ បរិភោគទាំងអស់នេះ បន្តយកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក ដែលពួកគាត់កំពុងតែជួបកង្វះខាត ស្បៀងនាអំឡុងជំនន់ទឹកភ្លៀងផងនិងការរីករាលដាល នៃវីរុសកូវីដ១៩ថែមទៀត ៕