(ភ្នំពេញ)៖ គ្រោះទឹកជំនន់គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានផ្តាច់ជីវិតប្រជាពលរដ្ឋខ្មែរ ២២នាក់ហើយ។ នេះបើយើងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
របាយការណ៍បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋស្លាប់ដោយសារទឹកជំនន់នេះរួមមាន៖ ខេត្តបន្ទាយមានជ័យ ១៣នាក់ (ថ្មី១នាក់), ព្រះសីហនុ ២នាក់, ពោធិ៍សាត់ ៣នាក់, ប៉ៃលិន ១នាក់ និងកំពង់ធំ ៣នាក់ (ថ្មី ១នាក់)។
របាយការណ៍បានបង្ហាញថា មូលហេតុនៃការស្លាប់បណ្តាលមកពីលង់ទឹកពេលទៅរកត្រី បេះបន្លែ ដើរធ្លាក់ប្រឡាយទឹក រអិលជើងធ្លាក់ទឹក និងឆក់ចរន្តអគ្គិសនីជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម បានសម្តែងមរណទុក្ខ និងសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកក្នុងគ្រួសារ នៅថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាជូនដល់គ្រួសារសពចំនួន ២០សពរួចហើយ ដោយក្នុងមួយសពទទួលបានថវិកា ១០លានរៀល។
ថវិកាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្តេចតេជោចាត់ឱ្យមន្ត្រីថ្នាក់ជាតិ ក៏ដូចជាអភិបាលខេត្តរៀបចំជូនដល់ដៃក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះរួចហើយដែរ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យថវិកានេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី ប្រគល់ជូនដល់ដៃគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ។
ក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះក្នុងឱកាសទទួលបានអំណោយជាថវិកាពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងការអរគុណ និងដឹងគុណជាអនេកចំពោះសេចក្តីសណ្តោស និងមេត្តារបស់សម្តេចទាំងពីរ។ ពួកគាត់បានលើកឡើងថា ជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរពីសុខទុក្ខ និងការលំបាករបស់ពួកគាត់ ជាពិសេសថវិកាបានរួមចំណែកចាត់ចែងពិធីបុណ្យ និងដោះស្រាយការលំបាកផ្សេងៗ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀងក៏បានធ្វើប៉ះពាល់ផ្ទះជិត៦ម៉ឺនខ្នង ខូចខាត៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។
ជំនន់ទឹកភ្លៀងនេះធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ៤១០ម៉ែត្រ៕