(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ដល់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៦នេះ លោកបានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ ហេងហេងអន្លង់ជ្រៃ ក្រោយម្ចាស់សង្វៀននៅតែព្រហើនបើកលេងបន្តទៀត បើទោះបីសមត្ថកិច្ចបានកោះហៅឲ្យបញ្ឈប់ក៏ដោយនោះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជាលទ្ធផលយើងបានឃាត់ខ្លួនមនុស្ស២១នាក់ ម៉ូតូ១៤គ្រឿង រថយន្ត១៦គ្រឿង និងមាន់ជាក់ស្តែង១៤មាន់ ហើយមាន់ដែលនៅក្នុងទ្រុងមានជាង១០០ក្បាលឯណោះ ។

សម្រាប់មនុស្ស និងវត្ថុតាងទាំងនេះ សមត្ថកិច្ចកំពុងបន្តសួរនាំ និងសុំគោលការណ៍ពីព្រះរាជអាជ្ញា និងអភិបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា សេចក្ដីរាយការណ៍​ពីភ្នាក់ងារ Fresh News ដែល​បានទៅអើត​​មើល​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ ហេងហេង អន្លង់ជ្រៃ​ គិតត្រឹមម៉ោងជាង ១២​ថ្ងៃត្រង់ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សង្វៀនជល់មាន់​នៅតែបន្ត​បើក​លេង​ជាធម្មតា​ ហើយភ្ញៀវ​ជាង៩០%​ គឺជាជនជាតិខ្មែរ​ចូលលេង​ដដែល​ដោយ​មានជនជាតិវៀតណាមចូលលេងតិចតួចប៉ុណ្ណោះ។

តាមសេចក្ដីរាយការណ៍​ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅកាស៊ីណូ ហេងហេង អន្លង់ជ្រៃ ដែលគេអះ​អាងថា ​មានច្បាប់​នេះ​គឺមាន​បើក​លេងបៀរ អាប៉ោង ហ្គេមបាញ់ត្រី ជាពិសេស​ជល់​មាន់​តែម្ដង។ ក្នុងនោះល្បែងបៀរ អា​ប៉ោង និងហ្គេម​គឺជាល្បែង​ដែលគេ​បើកលេង​កំដរ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ តែអ្វីដែលសំខាន់​អាច​ធ្វើ​ឲ្យកាស៊ីណូ​នេះ រកចំណូលបានច្រើននោះ គឺការបើក​សង្វៀន​ជល់​មាន់​តែម្ដង ព្រោះនៅកាស៊ីណូនេះ​មិនសូវ​មានជនជាតិវៀតណាម ​ចូលមក​លេងឡើយ តែសម្បូរជនជាតិខ្មែរ​ចូលទៅ​ចាក់​ភ្នាល់ជល់​មាន់​ដោយ​អ្នកជល់មានខ្លះ​ទៅតាំងពី​ភ្នំពេញ ពីខេត្តព្រៃវែង ស្វាយរៀង កំពង់ចាមក៏មានដែរ។

ចំណែក​ល្បែងផ្សេងៗទៀត ពលរដ្ឋខ្មែរមិន​ចូលចិត្ត​លេង​ដោយ​គេ​យល់​ថា កូន​ចាក់​មិនងាយឈ្នះ​មេ តែសម្រាប់​អ្នកចូលចិត្ត​ជល់មាន់​វិញគេយល់​ថា ចាក់ឈ្នះ​ចាញ់​ឃើញ​ជាក់ស្ដែង ហើយបានមើល​សប្បាយ​ភ្នែកទៀត។

យោងតាមច្បាប់ស្ដី​ពីល្បែងស៊ីសង និងបំរាម​របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ល្បែង​នៅតាមកាស៊ីណូនោះទេ គឺអនុញ្ញាតឲ្យតែជន​បរទេស​ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជនជាតិខ្មែរ​សម្បូរ​លុយ និង​លេង​ធំជាង​ជនបរទេស ទើប​ម្ចាស់កាស៊ីណូ និងមន្ត្រីអាជ្ញាធរ​មានសមត្ថកិច្ច​ឃុបឃិត​គ្នាបិទ​ភ្នែក ឲ្យ​ចូលលេង​តាមចិត្ត ក្នុងនោះ​ រាល់សង្វៀន​ជល់មាន់ដែល​ជ្រកក្រោមស្លាកកាស៊ីណូ ដូចជា នៅកាស៊ីណូ ហេងហេង អន្លង់ជ្រៃ ខាងលើជាឧទាហរណ៍ស្រាប់គឺជាង​៩០ភាគរយ ​នៃអ្នកចូលទៅចាក់ភ្នាល់ មាន់ជល់​គឺជាជនជាតិខ្មែរ៕

Posted by Fresh News Photo on Thursday, February 4, 2016