(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ» នេះបើយោងតាមសម្តី ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះនាល្ងាចថ្ងៃពុធនេះ។
ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១-ស្ថិតក្នុងខណ្ឌចំការមន, ២-ខណ្ឌជ្រោយចង្វា, ៣-ខណ្ឌសែនសុខ, ៤-ខណ្ឌដូនពេញ និងទី៥ខណ្ឌ៧មករា។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ កម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ ដោយឃាត់មនុស្សបាន០៥នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។ ក្នុងរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រួតពិនិត្យសរុប ៤,២៦៤គ្រឿង មានជាតិស្រវឹង ៥៩៣នាក់៕