(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផល និងផ្នែកជលផលព្រែកប្រសព្វ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌជលផល សហការជាមួយគណៈបញ្ជាការឯកភាពឆ្លូង ក្រុមប្រឹក្សាឃុំកញ្ជរ និងសហគមន៍នេសាទក្រគរ និងរកាកណ្តាល នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងប្រាំង ឃុំកញ្ជរ ស្រុកឆ្លូង ដោយរឹបអូសបានវត្ថុតាងច្រើន។
លោក ម៉ុក ពន្លក បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះដោយបានរុះរើ និងដកហូតបានរបាំងស្បៃមុងចំនួន ២១ខ្សែ ប្រវែងប្រមាណ ១៣០០ម៉ែត្រ លូស្បៃមុងចំនួន ២១មាត់លូ របាំងសាច់អួននីឡុងក្រលាញឹក ៣ខ្សែ ប្រវែងប្រមាណ ២០០ម៉ែត្រ លបសាច់អួនក្រលាញឹកចំនួន ៣គ្រឿង បង្គោលចម្រឹងឫស្សី ៣១៥ដើម ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៧០គីឡូក្រាម។
លោកនាយខណ្ឌបានបញ្ជាក់ទៀតថា វត្ថុតាងមួយចំនួនរួមមានលូស្បៃមុង និងលបសាច់អួនក្រលាញឹក ត្រូវបានសមត្ថកិច្ចចម្រុះបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក របាំងស្បៃមុង និងសាច់អួនក្រឡាញឹក បានដឹកយកទៅថែរក្សាទុកនៅស្នាក់ការជលផលព្រែកប្រសព្វ ដើម្បីទុកជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងការងារកសិកម្ម នៅពេលមានការស្នើសុំ។
លោកនាយខណ្ឌរូបនោះបានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទសូមយោគយល់ និងមានការចូលរួមដើម្បីថែរក្សាការពារនូវធនធានជលផលទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានធ្វើការហាមឃាត់ ដូចជាឧបករណ៍ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង ជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង ទន្លេ ព្រែក ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញ់ទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិស៏មិនសេសសល់ដែរ៕