(ពោធិ៍សាត់)៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែតុលានេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមការងារចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើនជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ក្នុងនោះចែកចេញជា ៣ទីតាំង ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។
ក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ទាក់ទងនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។
ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តបានអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។
ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាលក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ពីគ្រោះទឹកជំនន់នេះ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។
ជាមួយគ្នានេះ លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឱ្យដឹងថាក្នុងស្រុកកណ្តៀងនេះ ៩ឃុំ ក្នុងនោះ ៨ឃុំបានលិចលុង ដែលធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ ១០,៦៣៤ គ្រួសារ និងហេដ្ឋារចនាសម្ពន្ធមួយចំនួន។
សូមជម្រាបថា អំណោយមនុស្សធម៌ទាំងនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ត្រីខ ២០កំប៉ុង ភួយ ១ សារុង ១ ថ្នាំពេទ្យ ១កញ្ចប់ និងថវិកា ១០មុឺនរៀលផងដែរ។ ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើប្រពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ ក្រុមការងារនឹងទទួលយកមកព្យាបាលជូននៅភ្នំពេញដោយអត់គិតថ្លៃ៕