(សៀមរាប)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២១៥ និងលើកទិសដៅការងារសម្រាប់ អនុវត្តបន្តឆ្នាំ២០១៦ នៅរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ។ នៅក្នុងពិធីនេះមានការចូលរួមពី លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តសៀមរាប បានទទួលលទ្ធផលមួយចំនួន។ លទ្ធផលទាំងនោះរួមមាន ការចែករំលែកផ្លាស់ប្តូរបទពិសោធន៍ ចំណុចខ្លាំងចំណុចខ្វះខាត បញ្ហាប្រឈមនានា ក្នុងការអនុវត្តមុខងាររបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញ។
នៅក្នុងនោះក៏មានការសន្និដ្ឋានថា បញ្ហាប្រឈមទាំងនេះត្រូវបានធ្វើវិចារណកម្ម និងសុក្រឹតកម្មរវាងលទ្ធផលនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត។ ក្រៅពីនោះក៏មានវេទិកាសាធារណ: របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប និងអង្គសន្និបាតចងក្រង ជាទស្សនវិស័យរួម ដើម្បីជាមូលដ្ឋានដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញយកទៅអនុវត្តក្នុងឆ្នាំ២០១៦នេះ ឲ្យមានការឆ្លើយតប និងមានប្រសិទ្ធភាពផងដែរ៕