(បាត់ដំបង)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម, បណ្ឌិតឧកញ៉ា ភូ ពុយ តំណាងរាស្ត្រមណ្ឌលបាត់តំបង, លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិកសហព័ន្ធ និងសហការី រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយមួយចំនួនរួមមានអង្ករ មី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង ថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន៦៥០គ្រួសារ ស្ថិតនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបថា ខេត្តបាត់ដំបងជាខេត្តមួយ ក្នុងចំណោមរាជធានី-ខេត្ត១៩ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។
រាជធានី-ខេត្តប៉ះពាល់នេះរួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀងក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត៥៦ខ្នង, លិចសាលារៀន៤៥៩កន្លែង, លិចស្រូវជិត១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។
ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕