(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព អំឡុងមានគ្រោះទឹកជំនន់។
ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសតំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលានេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ក្នុងអំឡុងទឹកជំនន់ យើងឃើញហើយថា មានអ្នកស្លាប់ដោយលង់ទឹកចំនួន២០នាក់ហើយ បើគិតចាប់ពីថ្ងៃទី១-១៨ ខែតុលានេះ, យើងខ្ញុំទាំងអស់គ្នា មានការស្ដោកស្ដាយណាស់ និងចូលរួមរំលែកទុកដ៏ក្រៀមក្រំបំផុតនេះផងចំពោះ គ្រួសារសពផង។ ដូច្នេះ ខ្ញុំផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើង ពិសេសអាណាព្យាបាលរបស់កុមារទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការមើលថែរក្សាកូនចៅរបស់ខ្លួន កុំឱ្យកូនលង់ទឹក»។
លើសពីនោះ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរ ឬសម្ភារដែលអាចពស់រស់នៅបាន។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល ខណៈមកទល់នឹងពេលនេះ ករណីពស់ចឹកកន្លងមកនេះ គ្រូពេទ្យបានព្យាបាលជា ចៀសផុតពីគ្រោះថ្នាក់ដល់ជីវិតទាំងអស់។
ជាមួយគ្នានេះ ទាំងអំឡុងទឹកជំនន់ ឬទឹកស្រកទៅវិញ ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ពុល និងជំងឺដទៃផ្សេងទៀត
ត្រូវបរិភោគទឹកស្អាត ដោយដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរ៉ាមីន។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
ជាពិសេស ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើមដោយទឹកជំនន់ជនលិចនេះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ទៀតថា «សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចជំងឺកូវីដ១៩ វាមិនភ្លេចយើងទេ ហើយក៏មិនទៅណាឆ្ងាយពីយើងដែរ បើធ្វេសប្រហេស នោះនឹងមានហានិភ័យឆ្លងជំងឺដោយសាហាវនេះមិនខាន» ។ដូច្នេះសូមប្រជាពលរដ្ឋ បន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួន នូវវិធានការពារជំងឺកូវីដ របស់ក្រសួងសុខាភិបាល ដោយត្រូវរស់នៅធម្មតា បែបគន្លងថ្មី គឺអនាម័យដៃស្អាត រក្សាគម្លាតបុគ្គល ឬសង្គម និងត្រូវពាក់ម៉ាសនៅពេលចាំបាច់ ពិសេសនៅទីប្រជុំជនមានមនុស្សច្រើន៕