(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកនៅតាមដងព្រែកកំពង់បាយ ឬដងព្រែកកំពត រហូតដល់ព្រែកកំចាយ ក្នុងភូមិអណ្ដូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងឱកាសជំនួបជាមួយប្រជាពលរដ្ឋ លោក ជាវ តាយ បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែបានយកចិត្តទុកដាក់គិតគូរ និងផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គឺមិនបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោតែងតែបានក្រើនរំលឹកផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានត្រូវតែចុះផ្សារភ្ជាប់រួមសុខរួមទុក្ខលំបាក និងដោះស្រាយក្នុងហេតុការណ៍គ្រោះធម្មជាតិផ្សេងៗ ពិសេសក្នុងស្ថានភាពទឹកជំនន់នៅពេលនេះ ដើម្បីរួមសហការគ្នាដោះស្រាយ និងបង្ការទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយគ្រោះទឹកជំនន់នោះទេ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋផងដែរថា តាមការពិនិត្យវាយតម្លៃអំពីស្ថានភាពទឹក ដែលបង្ហូរចេញពីអាងទំនប់វារីអគ្គិសនីកំចាយ និងទឹកដែលបានហូរធ្លាក់ពីស្ទឹងកែវ មកចូលតាមដងព្រែកកំពុងបាយជាក់ស្ដែង គឺមិនបានធ្វើឱ្យមានការព្រួយបារម្ភ ដែលនាំឱ្យរងផលប៉ះពាល់លិចលង់ស្រែចម្ការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចបណ្ដាឆ្នាំកន្លងទៅនោះទេ។
លោកថា នៅពេលបើកបង្ហៀរទឹកចេញពីទំនប់វ៉ារីអគ្គិសនីកំចាយ រដ្ឋបាលខេត្តបានពិភាក្សាគិតគូរសហការជាមួយនឹងក្រុមហ៊ុនវារីអគ្គិសនីកំចាយជាប្រចាំ ដោយជូនដំណឹងមកដល់អាជ្ញាធរខេត្តជាមុន ហើយការបើកទឹកទៅតាមលក្ខណៈបច្ចេកទេសជាសន្សឹមៗ និងនៅរយៈពេលកន្លងទៅ រដ្ឋបាលខេត្តមានការគិតគូរខ្ពស់ពីបញ្ហាផ្លូវទឹកតាមដងព្រែកកំពង់បាយ គឺមានការស្ដារផ្លូវទឹកតាមដងព្រែកធ្វើឱ្យទឹកហូរបានលឿន។
លោកអភិបាលខេត្តក៏បានអំពាវនាវ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រតាមដងព្រែកកំពង់បាយនេះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែមានការយកចិត្តទុកដាក់តាមដានចំពោះស្ថានភាពទឹក និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាដែលអាចកើតឡើងដោយយថាហេតុនូវជំនន់ទឹកភ្លៀងនេះ ព្រោះគេមិនអាចកំណត់បានជាក់លាក់មុនបានឡើយអំពីបញ្ហាគ្រោះធម្មជាតិនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃកន្លងមក និងឈានដល់ការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ស្ដីពីស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ដែលនឹងត្រូវធ្វើការបង្ហៀរទឹកចេញពីទំនប់ទៅតាមលក្ខណៈបច្ចេកទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
លោកអភិបាលខេត្តកំពតបានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធកងកម្លាំងនគរបាលខេត្ត កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ ចុះទៅពិនិត្យវាយតម្លៃពីស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រតាមដងព្រែកកំពង់បាយ រហូតដល់ព្រែកកំចាយក្នុងភូមិគូម្ចាស់កម្មលើលោកផងដែរ៕