(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទើបទទួលបានអង្ករ៥០តោន ពីក្រុមហ៊ុន Phnom Penh Precast Plants ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង។
រាជធានីភ្នំពេញ ក៏ជាទីតាំងមួយដែលកំពុងរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារតែជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំឱរ៉ាល់។ របាយការណ៍គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់នេះ ប៉ះពាល់ខណ្ឌចំនួន៣ និងសង្កាត់ចំនួន១៣។ ប៉ះពាល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ហើយប្រជាពលរដ្ឋជាង ១ពាន់គ្រួសារត្រូវបានជម្លៀសពីផ្ទះសម្បែង។
ការចូលរួមឧបត្ថម្ភស្បៀងអាហារ គឺជាការងារសំខាន់បំផុត សម្រាប់ដោះស្រាយការលំបាកដោយសារទឹកជំនន់នាពេលនេះ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការចូលរួមរបស់សម្បុរសជន ដើម្បីដោះស្រាយការលំបាកកើតចេញពីជំនន់ទឹកភ្លៀងនាពេលនេះ ជាកាយវិការដ៏ល្អប្រសើរបំផុតសម្រាប់សង្គមកម្ពុជា។ ពោលកាយវិការនេះ បានបង្ហាញនៅពេលមានទុក្ខ គឺពលរដ្ឋកម្ពុជាបានរួមគ្នា ដើម្បីជម្នះរាល់ឧបសគ្គ និងបញ្ហាទាំងឡាយ៕